ឥណ្ឌា៖ សាកសពជាច្រើនបានហើបផុសឃើញត្រៀបត្រា និងមានសាកសពជាច្រើនដែលហូរចូលក្នុងទន្លេគង្គាដោយសារតែសាច់ញាតិបានកប់រាក់ៗ នៅពេលដែលទឹកជន់លិចហើយស្រក់ទៅវិញ នៅភាគខាងជើងនៃរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ។
បើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា កាលពីពេលកន្លងទៅចន្លោះពីខែមេសា និងឧសភាស្ថិតក្នុងពេលដែលប្រទេសឥណ្ឌាផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩យ៉ាងគំហុកធ្វើឲ្យរដ្ឋាភិបាលភិបាលឥណ្ឌាស្ទើរតែទប់ទល់នឹងស្ថានការណ៍នេះមិនបាន រហូតខ្វះខាត់សម្ភារៈសព្វបែបយ៉ាងរួមទាំងគ្រែសម្រាប់អ្នកជំងឺក្នុងមន្ទីរ និងលទ្ធភាពបូជាសពក៏ពិបាករកអុសដុតផងដែរ ។ ស្ថានភាពនេះធ្វើឲ្យសាច់ញាតិរបស់សពអ្នកជំងឺកូវីដ-១៩ ក្រីក្រមួយចំនួនមិនបានបូជាសពបានដោយខ្វះលទ្ធភាព ទើបនាំគ្នាយកសពមកកប់នៅមាត់ច្រាំងទន្លេនេះបើទោះបីមានការរារាំងពីអាជ្ញាធរ ។
មន្ត្រីម្នាក់ភាគខាងជើងទីក្រុង Uttar Pradesh បាននិយាយថា មានសាកសពជិត១៥០ ដែលចាំបាច់ត្រូវបូជានៅក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីត្រូវបានរកឃើញនៅក្នុង ឬក្បែរទន្លេ។ តំបន់នេះមានប្រមាណមួយគីឡូម៉ែត្រ ហើយការស្មានរបស់យើង គឺមានសាកសពប្រមាណ ៥០០-៦០០ ត្រូវបានកប់នៅច្រាំងទន្លេគង្គានេះ ។
សូមជម្រាបថា រហូតដល់ពេលនេះស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា មានសភាពធូស្រាលឡើងវិញហើយ ដោយសារមួយរយៈចុងក្រោយនេះទាំងករណីឆ្លងថ្មីៗ និងអត្រាអ្នកស្លាប់ដែលបណ្តាលមកពីជំងឺនេះ មានការថយចុះខ្លាំងគួរឲ្យកត់សម្គាល់ ៕