បន្ទាយមានជ័យ៖ មានករណីលង់ទឹកដ៏ស្លុតចិត្តមួយបានកើតឡើងដោយក្មេងស្រី១នាក់បានស្លាប់ ចំណែកក្មេង៣នាក់ទៀតត្រូវជួយសង្គ្រោះបានទាន់ពេល ខណៈដែលខ្លួនឆ្លងស្ទឹងរាងគ្រំជាមួយឳពុកហើយលង់ទឹកស្ទឹងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចឦសានពីរ ភូមិចារ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមលោកវរសេនីយ៍ឯក មាស ប្ញ ទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ ធៀម ចរិយា អាយុ៩ឆ្នាំ មានឪពុកឈ្មោះ សូ ប៊ុនថន អាយុ៤០ ឆ្នាំ និង ម្តាយឈ្មោះអៀសុខូវ អាយុ៣៦ឆ្នាំ នៅភូមិសំពៅ លូន ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងរងគ្រោះ៣នាក់ផ្សេងទៀតរួមមាន៖ ឈ្មោះធៀម វាសនា ភេទប្រុស អាយុ៥ ឆ្នាំជាប្អូនបង្កើត ឈ្មោះ វីវិជ្ជរ៉ា ភេទស្រី អាយុ៩ឆ្នាំ និងឈ្មោះ វីវិសម័យ ភេទស្រីអាយុ៧ឆ្នាំបងប្អូន បង្កើតរបស់ឈ្មោះវីវិជ្ជរ៉ា ។
លោកវរសេនីយ៍ឯកបានជម្រាបថា នៅវេលាម៉ោង៣រសៀលក្មេងរងគ្រោះទាំង៤នាក់ខាងលើនេះបានតាមឳពុកទៅរាវគ្រំ នៅក្នុងស្ទឹងខាងកើតភូមិនៅពេលឆ្លងទឹកជ្រៅទៅកន្លែងផ្សេងទៀតខ្លះតោងឆ្នាំងខ្លះទៀតជិះកខ្លួន ។ នាំគ្នារាវគ្រំបានមួយសន្ទុះធំទើបនាំគ្នាហែលឆ្លងមកវិញដោយពួកក្មេងៗហែលតោងឆ្នាំងនៅក្បែរខ្លួន ។ ពេលមកដល់កណ្ដាលស្ទឹងស្រាប់តែលិចឆ្នាំងដែលដាក់គ្រំ និងលិចក្មេងៗនោះដែរ ។ ភ្លាមៗបានជួយស្រង់បាន៣នាក់ចំណែកក្មេងរងគ្រោះម្នាក់ទៀតលិចទៅទឹកជ្រៅបាត់រាវមិនឃើញមិនអាចជួយបាន ទើបហៅបងប្អូនក្នុងភូមិឲ្យទៅជួយមុជរករហូតដល់វេលាម៉ោង៥ល្ងាចទើបរកឃើញតែក្មេងបានស្លាប់ទៅហើយ ៕