ភ្នំពេញ ៖ តារាសម្តែង ឈឹម អារីយ៉ា កំពុងទទូលរងនូវទុក្ខផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរបំផុតដែលត្រឹមរយៈពេល ៤ថ្ងៃសោះអ្នកនាងបានបាត់បង់មនុស្សសំខាន់ពីរនាក់គឺម្តាយក្មេក និងស្វាមីរបស់អ្នកនាង ដោយសារ ជំងឺកូវីដ-១៩ រួមផ្សំនឹងជំងឺរបស់ខ្លួនមួយចំនួនទៀត ដោយអ្នកនាង និងកូនប្រុសរបស់អ្នកនាងអាយុជាង២ឆ្នាំ បានកោសក់កាន់ទុកចំពោះមរណទុក្ខដ៏ក្រៀមក្រំនេះ ។
ម្តាយក្មេករបស់តារាសម្តែងឈឹម អារីយ៉ា គឺអ្នកស្រី ហេង ប៊ុនធឿន បានលាចាកលោកកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។ ចំណែកលោក រស់ ឧស្សាហ៍ ដែលត្រូវជាស្វាមីរបស់អ្នកនាង ត្រូវបានបូជាកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ។ ការបាត់បង់អ្នកទាំងពីរនេះធ្វើឲ្យអ្នកនាង និងក្រុមគ្រួសារ ទទួលយកមិនបាននោះឡើយ ដោយសារតែពេលវេលាដែលចាកចេញពីគ្រួសារ លឿនពេក ។
អ្នកនាងអារិយ៉ា បានបង្ហោះសាររៀបរាប់ទាំងក្តុកក្តួលថា «ប្ដីនាងចិត្តដាច់ទៅចោលនាង និងកូនហើយ ទៅនៅជាមួយម៉ាក់ »។ ជាមួយគ្នានេះគេសង្កេតឃើញតារារួមអាជីពក្រៅពីបានផ្ញើរសារំលែកទុក្ខដល់នាងជាបន្ដបន្ទាប់នោះ ពួកគេក៏បានសម្ដែងការព្រួយបារម្ភចំពោះសុខភាពរបស់អ្នកនាងអារីយ៉ា និងកូនប្រុសរបស់នាងផងដែរ ។ ទន្ទឹមនឹងនេះតារារួមអាជីពទាំងនោះមានសង្ឃឹមថាអ្នកនាង នឹងចៀសផុត ពីជំងឺដ៏កាចសាហាវមួយនេះ ពីព្រោះកន្លងមកអ្នកនាងអារិយ៉ា បានមើលថែជំងឺស្វាមីរបស់ខ្លួនជាប្រចាំ ៕