បន្ទាយមានជ័យ៖ បរុសវ័យចំណាស់ម្នាក់យកពូថៅកាប់សម្លាប់ទៅលើស្រ្តីចំណាស់ម្នាក់យ៉ាងសាហាវឃោឃៅ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមហើយរត់គេចខ្លួនបាត់ស្រមោល ដោយសារតែទំនាស់បន្តិច បន្តួចសោះ កាលពីវេលាម៉ោង ១:០០ រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធនឹងករណីនេះលោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ស្ត្រីជាជនរងគ្រោះមាន ឈ្មោះ សួ សួង ភេទស្រីអាយុ ៧៤ឆ្នាំ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនសង្ស័យមាន ឈ្មោះ ចយ សឺន ភេទប្រុសអាយុ ៦៧ឆ្នាំ នៅចម្ងាយពីផ្ទះជនរងគ្រោះប្រហែល ១០០ម៉ែត្រ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលស្រុកព្រះនេត្រព្រះបានជម្រាបថា នៅមុនពេលកើតហេតុ ឈ្មោះ យ៉ែត ឡាវិនណា អាយុ ៨ឆ្នាំ ត្រូវជាចៅជនរងគ្រោះបានដេកនៅលើអង្រឹង ចំណែកយាយរបស់ខ្លួនដេកលើឥដ្ឋការ៉ូនៅក្រោមផ្ទះជាមួយគ្នា ពេលនោះលោកយាយរបស់ខ្លួនបានដេកលង់លក់ចំណែកខ្លួនដេកមិនទាន់លក់ទេ។ ស្របពេលនោះក៏ឃើញឃាតករបានកាន់ពូថៅដើរចូលតាមទ្វារមុខផ្ទះមិនបានបិទ ហើយក៏ធ្វើសកម្មភាពកាប់ទៅលើយាយរបស់ខ្លួនត្រូវចំក្បាលលឺសូភូសៗ ចំនួន៤ពូថៅស្លាប់នៅកន្លែង។ ពេលឃើញដូចនេះ ចៅបានស្ទុះក្រោកពីលើអង្រឹងរត់ទៅក្រោយផ្ទះគេចខ្លួនខ្លាចជនដៃដល់កាប់បន្តទៀត ក្រោយពីធ្វើសកម្មភាពហើយ ជនដៃដល់បានរត់គេចខ្លួន។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវជនរងគ្រោះ និងជនដៃដល់ ធ្លាប់មានទំនាស់គ្នាពីរឿងព្រំដីជាប់គ្នាកន្លងមក។ ពេលនេះកម្លាំងនគរបាលស្រុកកំពុងស្វែងរកចាប់មុខសញ្ញាជនល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ ។ ចំណែកសពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕