ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលដែលមានទម្ង់ប្រមាណជាង៧០គីឡូក្រាម ពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន នៅនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
ក្នុងប្រតិបត្តិការនេះដឹកនាំដោយ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋានដើម្បីចុះដកពីជនជាតិចិនដែលបានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់ ។
បើតាមនាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលើពីសំណាក់បុរសជនជាតិចិន ទើបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វើការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាទុក ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខាងលើដដែលនេះបានបានបញ្ជាក់ថាពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។ ចំពោះសត្វតោឈ្មោលមួយក្បាលនោះនឹងធ្វើការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វើការណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត ៕