ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីជាប្រទេសអាស៊ីអាគ្នេយ៍មួយដែលកំពុងរងនូវឥទ្ធិពលនៃរលកជំងឺកូវីដ-១៩ យ៉ាងគំហុកបណ្តាលឲ្យមានអត្រាឆ្លងថ្មីកើនឡើងខ្ពស់រហូតដល់រាប់ម៉ឺននាក់ និងមានអ្នកស្លាប់រាប់រយនាក់ក្នុងមួយថ្ងៃៗ គឺជាក្តីកង្វល់ធំមួយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលកំពុងត្រៀមសម្ភារៈសំខាន់ និងចាប់បាច់សព្វបែបយ៉ាង រួមទាំងវិធានការបង្ការការពារផងដែរ ។
បើយោងតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ីនៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនាម្សិលម៉ិញនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២១,០៩៥នាក់ និងមានអ្នកជំងឺនេះចំនួន ៣៥៨នាក់បានស្លាប់បាត់បង់ជីវិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ បើបូកបញ្ចូលតួលេខថ្មីទាំងនេះ នាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២,០៩៣,៩៦២នាក់ ក្នុងនោះស្លាប់ ៥៦,៧២៩នាក់ និងជាសះស្បើយឡើងវិញ ១,៨៤២,៤៥៧នាក់ ។ ទន្ទឹមនឹងនេះឥណ្ឌូណេស៊ីសម្រេចបានការចាក់វ៉ាក់សាំង ២៥.៤៨លានដូស នៅទូទាំងប្រទេស ក្នុងនោះមាន១២.៩១លានដូស ជាដូសទី២ ។
សូមជម្រាបថា រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោកBudi Gunadi Sadikin កាលពីពេលថ្មីនេះ បានប្រាប់ឲ្យដឹងថាមន្ទីរពេទ្យនិងគ្រែអ្នកជំងឺ កំពុងត្រូវរៀបចំបន្ថែមទៀតនៅរដ្ឋធានីហ្សាការតា ដើម្បីទប់ទល់នឹងការស្ទុះឡើងជាថ្មីនៃករណីឆ្លងជំងឺ COVID-19 ដោយអះអាងថា អុកស៊ីហ្សែនគឺមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ ។ ជាមួយគ្នានេះមន្ទីរពេទ្យធំៗចំនួន ០៣កន្លែង នៅក្នុងទីក្រុងហ្សាការតា នឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យព្យាបាល COVID-19 ទាំងស្រុង ។ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី មានគ្រែពេទ្យ ៨៥,០០០គ្រែ ដោយមិនទាន់គិតការត្រៀមបន្ថែមគ្រែ និងកន្លែងព្យាបាលថ្មីៗ ក្នុងទីក្រុងហ្សាការតានៅឡើយទេ ហើយបច្ចុប្បន្នប្រមាណជា ២៥,០០០គ្រែនៅទំនេរ។ ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏កំពុងរៀបចំកន្លែងព្យាបាលបណ្តោះអាសន្នថ្មីៗបន្ថែមទៀតផងដែរ ៕