ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតខ្លោចចិត្តដែលស្រ្តីម្នាក់បានបាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវដោយសារប្តីរបស់នាងបានបីចេញពីបន្ទប់រត់រកគ្រូពេទ្យឲ្យជួយសង្រ្គោះមិនទាន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងសមត្ថកិច្ចចុះមកជួយពិនិត្យ នៅនឹងកន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ស្រីល័ក្ខ ភេទស្រីអាយុ២០ឆ្នាំជាង មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅជិតនឹងកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅខេត្តតាកែវ (ស្លាប់)។ ចំណែកប្តីមានឈ្មោះ មាំង ភេទប្រុសអាយុ ២៥ ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្ន ស្នាក់នៅជាមួយប្រពន្ធ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។
ពាក់ព័ន្ធនឹងករណីនេះអ្នកមីងម្នាក់រស់នៅជិតស្រ្តីរងគ្រោះខាងលើបាននិយាយថា ស្រ្តីរងគ្រោះនាងមានគភ៌ នៅក្នុងផ្ទៃ២ខែ បន្ទាប់មកនាងក៏បានទៅយកគភ៌នោះចេញ ក្រោយមកទៀតរូបនាង តែងតែចុកនិងធ្លាក់លោហិត មកដុំៗនិងចេះតែចុកពោះ លុះមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែ ស្រ្តីរងគ្រោះរូបនោះ បានចុកពោះនិងបន្តធ្លាក់លោហិតមកបន្តបន្ទាប់ ក្រោយមកប្តីរបស់នាងបានបីរូបនាងមកដើររកពេទ្យ ដើម្បីឲ្យជួយសង្រ្គោះ ខណៈបីមកដល់ពាក់កណ្តាលផ្លូវ ចំណុចផ្លូវ២០០២ នាងបានដាច់ខ្យល់បាត់ទៅហើយ ក្រោយមកបានបងប្អូនអ្នកជិតខាង បានទាក់ទងទៅសមត្ថកិច្ច ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ ។
ភ្លាមៗនោះក្រោយពីកើតហេតុសមត្តកិច្ច ចុះមកដល់ និងបានយកខ្សែចងព័ទ្ធជុំវិញសព ដើម្បីទំនាក់ទំនងទៅក្រុមគ្រូពេទ្យ ឲ្យចុះមកយកសំណាករកវិជ្ជមានកូវីដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួច ដោយបញ្ជាក់ថា នាងគឺអវិជ្ជមានកូវីដ១៩ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕