ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីបានជូនស្រីស្នេហ៍កំណាន់ចិត្តរបស់ខ្លួន និងមិត្តភក្តិស្រីម្នាក់ទៀតទៅផ្ទះ ស្រាប់តែត្រូវជនសង្ស័យមានគ្នា៣នាក់ធ្វើសកម្មភាពធាក់ម៉ូតូ ហើយដកកាំបិតចុងស្រួចភ្ជង់ប្លន់យកអស់រលីងពីខ្លួន បន្ទាប់មកក្រុមចោរទាំងនោះនាំគ្នារត់គេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ជាប់របងខាងកើត សាកលវិទ្យាល័យបញ្ញាជាតិ នៅតាមបណ្ដោយផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើនេះឈ្មោះ ទឹម សុផាន់រ៉ា អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងសង្សាររបស់ខ្លួនឈ្មោះកា បានជិះម៉ូតូកូនទាមួយគ្រឿងម៉ាក Spacy ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1BZ-8486 ទៅឌុបមិត្តភក្តិស្រីម្នាក់ទៀតឈ្មោះជឿន ស្រីពេជ្រ មុខរបរអ្នកលក់អនឡាញ ស្នាក់នៅក្នុងបុរីកំបូល ខណ្ឌកំបូល (ម្ចាស់កាបូប) មានលុយជាង២០០ដុល្លារ នៅមុខអាកាសយានដ្ធានអន្តរជាតិភ្នំពេញ មកអង្គុយលេងនៅសួនច្បារមុខវត្តបទុម ។
បុរសរូបនេះបញ្ជាក់ថា លុះដល់វេលាម៉ោងកើតហេតុរូបគាត់បានជូនសង្សាររបស់ខ្លួន និងមិត្តភក្តិទៅផ្ទះ ខណៈជិះម៉ូតូមកដល់ផ្លូវលំបត់ចូលផ្ទះ ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ឌុបគ្នាធ្វើដំណើរបញ្ច្រាសទិសគ្នា មកកៀកម៉ូតូពួកគាត់ ហើយធ្វើសកម្មភាពធាក់ម៉ូតូគាត់ បណ្តាលឲ្យដួល និងរកវាយគាត់ទៀត ធ្វើឲ្យគាត់ភ័យស្លន់ស្លោរត់ចោលម៉ូតូ នៅសល់តែនារីរងគ្រោះ២នាក់ ត្រូវជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់បានដកកាំបិតចុងស្រួចមកភ្ជង់ទៅលើឈ្មោះ ជឿន ស្រីពេជ្រ ប្លន់យកទូរស័ព្ទដៃមួយគ្រឿង និងកាបូបស្ពាយចំហៀងមួយមានប្រាក់ជាង២០០ដុល្លារ និងគំរាមសង្សាររបស់គាត់ឈ្មោះការ យកបានទូរស័ព្ទមួយគ្រឿងទៀត ទើបជនសង្ស័យរត់ឡើងម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុនារីរងគ្រោះទាំង២នាក់ភ័.យស្លន់ស្លោបានត្រឹមអង្គុយយំ និងទាក់ទងហៅមិត្តភ័ក្ដិអោយមកជូនពួកនាងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់៣ ដើម្បីអោយសមត្ថកិច្ចជួយស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕