កីឡាជាតិ៖ ម្ចាស់មេដាយមាសកីឡាអាស៊ី (ASIAN Games) និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ជាប់ៗគ្នា វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងអតីតកីឡាការិនីហែលទឹក ហែម ថុន វិទិនី ដែលជាអត្តពលិកអូឡាំពិកធ្លាប់ចូលរួមអូឡាំពិកហ្គេម៣លើកបានបង្ហាញទស្សនៈនៅក្នុងកម្មវិធី «ទិវាអូឡាំពិក-Olympic Day» ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រោមការរៀបចំពីគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC)។
កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានលើកឡើងថា «សម្រាប់ខ្ញុំ ដែលធ្លាប់កីឡាការិនីម្នាក់ក្នុងប្រភេទកីឡាតេក្វាន់ដូ ខ្ញុំមានពាក្យពេចន៍ខ្លះទៅបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដូចរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែនិយាយជារឿយៗ គឺប្រជាជនម្នាក់លេងកីឡាមួយមុខ។ ដូច្នេះកម្មវិធីនេះបានជួយដាស់ស្មារតីឲ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់គ្នាងាយមកលេងកីឡា ទោះបីជាមិនបានចូលរួមប្រកួតតំណាងជាតិ ប៉ុន្ដែវាអាចនិយាយបានថា វាត្រូវនឹងយុគសម័យរបស់យើង ដែលស្ថិតក្នុងបច្ចុប្បន្ន និងពិភពលោក មានការរីករាលដាលនូវជំងឺកូវីដ-១៩ ហើយលេងកីឡាជាប្រចាំថ្ងៃ អាចជួយឲ្យពួកគាត់ទាំងអស់គ្នាមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ទាំងអស់គ្នា»។ ក្នុងនាមជាកីឡាការិនីម្នាក់ ពេលឃើញប្រជាពលរដ្ឋខ្មែរគាត់គាំទ្រកីឡា ពិសេសគាត់ស្រឡាញ់ និងលេងកីឡា មិនថាទឹកចិត្តនាង ឬកីឡាករ-កីឡាការិនីដទៃទេ គឺគាត់សប្បាយចិត្ត ព្រោះពួកយើងទាំងអស់គ្នាត្រូវការកម្លាំងចិត្តពីពួកគាត់។ ប្រសិនបើគាត់លេងកីឡា បញ្ជាក់ឲ្យឃើញថា គាត់ក៏គាំទ្រ គាត់ក៏ស្រឡាញ់ ដែលនេះជាការផ្ដល់កម្លាំងចិត្តដល់កីឡាករ-កីឡាការិនីយើងទាំងអស់គ្នាថា ពួកគាត់ទាំងអស់គ្នា អត់ឯការទេ ព្រោះប្រជាពលរដ្ឋខ្មែរ គឺស្រឡាញ់កីឡាទាំងអស់គ្នា ។
រីឯអតីតកីឡាការិនី ហែមថុន វិទិនី ដែលបច្ចុប្បន្នក្លាយគ្រូបង្វឹកបានសម្ដែងនូវក្តីរីករាយ ដែលបានចូលរួមចែករំលែកបទពិសោធ និងបង្ហាញនូវរបៀបហាត់ប្រាណងាយៗដល់ប្រជាពលរដ្ឋ សម្រាប់យកទៅអនុវត្តតាមផ្ទះរៀងៗខ្លួន។ «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធី “ទិវាអូឡាំពិក” ហើយបានផ្ដល់ឱកាសឲ្យនាងខ្ញុំ ជាមួយកីឡាការិនី ស៊ន សៀវម៉ី បានចែករំលែកបទពិសោធមួយចំនួន ដែលខ្ញុំក៏ធ្លាប់បានឆ្លងកាត់ជាមួយបទពិសោធជាច្រើន ក្នុងការចូលរួមប្រកួតទាំងថ្នាក់ជាតិ ស៊ីហ្គេម កីឡាអាស៊ី និងកីឡាអូឡាំពិក។ ប៉ុន្ដែកន្លងមកនេះ ពេលខ្ញុំចូលរួម ក៏ដូចជាការហ្វឹកហាត់ ស្ថានភាពមិនមានបញ្ហា ដូចបច្ចុប្បន្ន ដែលមានវិបត្តិកូវីដ-១៩ ធ្វើឲ្យកីឡាករ-កីឡាការិនីរបស់យើងជួបការលំបាកក្នុងការហ្វឹកហាត់ ជាក់ស្ដែងសូម្បីកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ក៏ត្រូវលើកពេលមកឆ្នាំ២០២១ នេះដែរ»។ ក្នុងនាមជាអតីតកីឡាការិនីអូឡាំពិកមួយរូប អត្តពលិកអូឡាំពិករូបនេះស្នើឲ្យកីឡាករ-កីឡាការិនីទាំងអស់មានការតាំងស្មារតី ហើយនេះជាឱកាសរបស់យើង ដែលយើងជាតំណាងជាតិ អាចចេញទៅប្រកួត ព្រោះយើងឃើញថា មានសកម្មភាពជាច្រើន ក្រៅពីសកម្មភាពកីឡា គឺបានផ្អាកអស់ហើយ ប៉ុន្តឥឡូវនេះ យើងមានការត្រៀមចូលរួមព្រឹត្តិការណ៍ពិភពលោកដ៏ធំ ក៏ដូចជាត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។
អត្តពលិកអូឡាំពិកទាំងពីររូបនេះក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមលេងកីឡា ហើយបានលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីទាំងអស់ជម្នះនូវរាល់ឧបសគ្គទាំងឡាយ ដោយការតាំងស្មារតី និងខិតខំប្រឹងប្រែងហ្វឹកហាត់ ហ៊ានដាក់ក្តីស្រមៃ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាកីឡាករ កីឡាការិនីឆ្នើម ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕