តាកែវ៖ ករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ ព្រោះទំនាស់ពាក្យសម្ដីកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ពេលនេះកម្លាំងនគរបាលជំនាញបំបែកសំណុំរឿងនេះហើយដោយចាប់ខ្លួនជនដៃដល់៣នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ចំណុចភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ។
ក្នុងប្រតិត្តិការខាងលើនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
បន្ទាប់ពីទទួលបានបទបញ្ជា កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ទើបកំណត់បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យទាំង៣នាក់ និងឈានទៅដល់ការឃាត់ខ្លួនបាននៅចំណុចវាលស្រែស្ថិតនៅភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះរួមមានទី១-ឈ្មោះ ម៉ង សម្បត្តិ អាយុ២១ឆ្នាំ, ទី២-ឈ្មោះ ម៉ង សីហា អាយុ១៩ឆ្នំា (ត្រូវជាបងប្អូនបង្កើត) និងទី៣-ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ មាំង ខែមរៈ អាយុ២៧ឆ្នាំ រងរបួសជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេងបណ្ដាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារទំនាស់ពាក្យសំដីក្នុងពេលលេងបាល់ទះ។ ចំពោះជនសង្ស័យទាំងបីនាក់ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមផ្លូវច្បាប់ ៕