ភ្នំពេញ៖ ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូធម្មជាតិដូចជាភ្លៀងផ្គររន្ទះ និងខ្យល់កន្តាក់ជាដើម ចាប់ពីថ្ងៃទី២៣-២៩ ខែមិថុនា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ។
ក្រសួងធនធានទឹកបានជម្រាបថា ការបង្កជាភ្លៀងលាយឡំជាមួយបាតុភូធម្មជាតិនេះ ដោយសារប្រទេសកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្ហូរ ។
ក្រសួងបញ្ជាក់ថា ផ្នែកមួយចំនួននៃបណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ។ ចំពោះបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ចំណែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ៕