ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ និងខណ្ឌទួលគោក ដោយចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដែលជាមុខសញ្ញា ឆក់ ប្លន់ និងកាច់ករម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ កាលពិវេលាម៉ោង នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅផ្ទះជួលលេខ18DE0 តាមបណ្ដោយផ្លូវលេខ១១២ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់មានឈ្មោះ ពៅ រតនា ភេទប្រុស អាយុ ៣០ឆ្នាំ, ឈ្មោះ ហេង ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ ភឿន សីហា ភេទប្រុស អាយុ ២២ឆ្នាំ, ឈ្មោះ សុខ ឡុង ភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះសុខ ជា អាយុ ៣៧ឆ្នាំ ។
បើតាមប្រភពខាងលើនេះបានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង ៥នាក់ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតដល់ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ណារិទ្ធ នៅព្រឹកថ្ងៃទី២១ ខែមិថុនា នៅផ្ទះសំណាក់មួយកន្លែង ក្បែរព្រះវិហារឥស្លាម មូលដ្ឋានសង្កាត់ស្រះចក រួចបាននាំយកទៅសាកសួរ ។ ជនសង្ស័យបានសារភាព និងផ្ដល់ចម្លើយរហូតកម្លាំងនគរបាលជំនាញស៊ើបអង្កេត និងកំណត់មុខសញ្ញា ឈានដល់ការចាប់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតម៉ូតូបានចំនួន ៣គ្រឿងបន្ថែមទៀត នៅមូលដ្ឋានខណ្ឌទួលគោក ។
សូមជម្រាបថា ពាកព័ន្ធនឹងជនសង្ស័យខាងលើនេះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឈ្មោះ ភឿន សីហា និងបក្ខពួកបានធ្វើសកម្មភាពកាច់ករម៉ូតូម៉ាក PCX ព័ណ៌សមួយគ្រឿង ពីខណ្ឌជ្រោយចង្វារ ។ ដូច្នេះកម្លាំងនគរបាលព្រហ្មទណ្ឌបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានសម្រេច ។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕