ព្រះសីហនុ៖ មានករណីបាញ់ប្រហារដ៏រន្ធត់មួយបានកើតឡើង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជនសង្ស័យជាប្តីបានប្រើអាវុធខ្លីបាញ់ទៅលើជនរងគ្រោះជាប្រពន្ធ ចំទ្រូងខាងឆ្វេងមួយគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ រីឯជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាឱ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ៤ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ។
កម្លាំងសមត្ថកិច្ចចម្រុះបានហ៊ុមព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ ដែលជនសង្ស័យសម្ងំលាក់ខ្លួន។ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១៖៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុចអគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះ និងបន្តស្វែងរកអាវុធដែលជនសង្ស័យបានបោះចោលក្រោយពេលធ្វើសកម្មភាពរួច ទើបរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះដែរ ក្នុងនោះរួមមាន៖ កាំភ្លើងខ្លី ១ដើម ម៉ាក K54 ពណ៌ខ្មៅ ឈូសលេខបង់ ១ និង ៦គ្រាប់ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យ និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕