ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បាននិយាយក្នុងកិច្ចប្រជុំក្រុមមេដឹកនាំជាន់ខ្ពស់នៅក្នុងទីក្រុងព្យុងយ៉ាងដែលបានចាប់ផ្តើមតាំងពីដើមសប្ដាហ៍នេះថា ប្រទេសរបស់លោកចាំបាច់ត្រូវត្រៀមទាំង «ការសន្ទនា និង ការប្រឈមមុខ» ជាមួយអាមេរិក ហើយជាពិសេសត្រូវត្រៀមខ្លួនឲ្យបានពេញលេញសម្រាប់ការប្រឈមមុខដាក់គ្នា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។
មេដឹកនាំកូរ៉េខាងជើងរូបនេះបានថ្លែងបន្តថា «ពួកគេចាំបាច់ត្រូវត្រៀមលក្ខណៈឲ្យបានពេញលេញសម្រាប់ការប្រឈមមុខដាក់គ្នាដើម្បីការពារសេចក្តីថ្លៃថ្នូររបស់កូរ៉េខាងជើង និងផលប្រយោជន៍របស់ខ្លួនសម្រាប់ការអភិវឌ្ឍប្រកបដោយឯករាជ្យ ក៏ដូចជាដើម្បីធានានូវបរិយាកាសសន្តិភាព និងសុវត្ថិភាពរបស់កូរ៉េខាងជើង» ។ បើទោះបីយ៉ាងណាការលលើកឡើងនេះគេសង្កេតឃើញថាជាលើកទីមួយហើយដែលលោក គីម ជុងអ៊ុនបាននិយាយចំៗទៅលើរដ្ឋបាលរបស់លោកប្រធានាធិបតីចូ បៃដិន(Joe Biden) ។
សូមជម្រាបថា ស្ថានភាពនៃការប្រឈមមុខដាក់គ្នារវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោកចូ បៃដិន ហាក់កើនកំដៅខ្លាំងណាស់ ។ កន្លងមកកូរ៉េខាងជើងបានព្រងើយកន្តើយនឹងកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយរដ្ឋបាលរបស់ លោក បៃដិន ដើម្បីបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ចំណែកឯលោកបៃដិន មុននឹងលោកឡើងកាន់តំណែងប៉ុន្មានថ្ងៃធ្លាប់បានហៅលោកគីម ជុងអ៊ុនថាជា «ជនពាល» ថែមទៀតផង ៕