សីហនុ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តធំចំនួន២គ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២១នេះ បណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ស្លាប់គៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតរវាងរថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ស លាយបៃតង ម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3A-2887 បុកប៉ះជាមួយ រថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ ស ម៉ាកFrightliner ពាក់ស្លាកលេខ ព្រះសីហនុ 3A-1427 អ្នកបើកបរ(រត់គេចបាត់)ក្នុង ទិសដៅផ្ទុយគ្នា បណ្ដាល ឲ្យអ្នកបើកបរឈ្មោះ លី រ៉ាវី អាយុ ៣៣ឆ្នាំ ភេទប្រុស មានទីលំនៅ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែង ។
ក្រៅពីនេះអ្នករួមដំណើរក្នុងរថយន្តHINO ចំនួន ០២នាក់ រងរបួសក្នុងនោះរួមមាន ទី១-ឆាយ ឡែន ភេទ ស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល ត្រូវជាប្រពន្ធអ្នកបើកបរខាងលើ ។ ទី២-ឯល សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំមានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល ។អ្នករងរបួសទាំងពីរត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ចុះអន្តរាគមន៍ជួយគាស់យកសាកសពដែលគៀបចាប់ក្នុងរថយន្ត បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ការពារកន្លែងកើតហេតុ រៀបចំសណ្តាប់ធ្នាប់ សំរួលចរាចរណ៍ និងដោះស្រាយបន្តតាមនិតិវិធី ៕