នៅទីស្តីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធរៀបចំផែនការមេស្តីពី “ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម” ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វាគ្មិនតំណាងអង្គការ UNDP និងការចូលរួមតាមប្រព័ន្ធ វីដេអូពីចម្ងាយពីឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសរុបទាំង អស់ប្រមាណ៦០រូប។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រមូលធាតុចូល ក៏ដូចជាមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីពិនិត្យ ពិភាក្សា និងច្របាច់បញ្ចូលគ្នានូវផែនការមេចំនួនពីរគឺៈ (១) ផែនការមេដឹកជញ្ជូនតាមផ្លូវអាកាស និង(២) ផែនការមេដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅ អនុវត្តបាន ប្រកបដោយប្រសិទ្ធភាព ដើម្បីទាក់ទាញការវិនិយោគ បង្កើតការងារធ្វើ ក៏ដូចជាដើម្បីជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោក ទាំងមូលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់យើង មិនបានបញ្ឈប់ទេ ប៉ុន្តែគ្រាន់តែមានការយឺតយ៉ាវបន្តិចប៉ុណ្ណោះ ពោលគឺគ្មានគម្រោងសាងសង់ណាមួយ ត្រូវបានអាក់ខាន ឬបញ្ឈប់ដោយសារជំងឺនេះទេ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំផ្ដល់ធាតុចូលបន្ថែមទៀតឱ្យបានផុលផុសដើម្បី ច្របាច់បញ្ជូលនូវផែនការមេរបស់យើងមុនកោះអញ្ជើញប្រជុំគណៈកម្មាធិកាជាតិភស្តុភារកម្ម នៅសប្តាហ៍ ក្រោយ និងរៀបចំស្នើសុំកម្មវិធីជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភាកម្មកម្ពុជា ដើម្បីពិនិត្យចុងក្រោយនិងត្រៀមដាក់ផែនការមេនេះ មុននឹងដាក់ទៅគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័ត លើផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នជូនអង្គប្រជុំផងដែរថា៖ ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌជាមួយក្រុមហ៊ុន YCH របស់ប្រទេសសឹង្ហបុរី ដោយមានការគាំទ្រពីក្រុមហ៊ុន (IA) ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក្នុងរយៈពេល៩ខែ និងឈានទៅ រកការចរចាកិច្ចព្រមព្រៀងសម្បទាន ហើយសង្ឃឹមថា៖ ក្នុងឆ្នាំ២០២២ខាងមុខនេះ នៅពេលកម្ពុជាធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបានតែម្តង៕