ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចតុមុខ តាមឃាត់បាន៥នាក់ នាំយកទៅធ្វើការសាកសួរក្នុងចំណោមក្មេងស្ទាវជាច្រើនក្រុមបានប្រមូលផ្ដុំពពាក់ពពូនគ្នានិងបានដេញវាយតប់គ្នាយ៉ាងអាណាធិបតេយ្យពេញសួនច្បារវត្តបទុមវតី និងវង្វេងមូលសម្ដេចសង្ឃ ជួន ណាត បណ្តាលឲ្យមានជនរងគ្រោះបានរងរបួសនិងខូចខាតម៉ូតូចំនួន៤គ្រឿង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលសម្ដេចសង្ឃ ជួន ណាត និងសួនច្បារវត្តបទុមវតី ផ្លូវព្រះសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុម មានគ្នាច្រើនប្រហែលជាង២០នាក់ ជិះម៉ូតូជាង១០គ្រឿង ដែលដៃប្រដាប់ទៅដោយដុំថ្មនិងខ្សែក្រវាត់ បានជិះប្រដេញគ្នាតាមបណ្ដោយផ្លូវព្រះសុរាម្រិត ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក្រុមក្មេងស្ទាវទាំងនោះ ក៏បានឈប់ចុះមកធ្វើការវាយបត់ទៅលើយុវជនមួយក្រុមមានគ្នា៣ទៅ៤នាក់ដែលកំពុងអង្គុយលេង រួមទាំងវាយកម្ទេចម៉ូតូម៉ាកហុងដាឌ្រីមរបស់ពួកគេចំនួន២គ្រឿង បណ្តាលឲ្យរងការខូចខាត បែកចង្កៀងនិងកាបាំង ដោយមិនដឹងថាមានរឿងរ៉ាវអ្វីនិងគ្នានោះទេ។
បន្ទាប់មកបានជិះម៉ូតូទៅសួនច្បារវត្តបទុមវតី ក្រុមក្មេងស្ទាវទាំងនោះបានធ្វើការវាយបត់ទៅលើយុវជនពីរនាក់ទៀតដែលជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HL-0675 បណ្តាលឲ្យយុវជនទាំងពីរនោះភ័យស្លន់ស្លោងើបរត់ចោលម៉ូតូយករួចខ្លួនតែម្តង។ ហើយក្រុមក្មេងស្ទាវទាំងនោះ ក៏បានធ្វើការដេញវាយយុវជនម្នាក់ទៀតដែលកំពុងតែជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបភី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខកំពត 1H-5657 បណ្តាលឲ្យយុវជនម្នាក់នោះរងរបួសស្រាល ហើយក្រុមក្មេងស្ទាវទាំងនោះក្រោយពីធ្វើការសកម្មភាពប្រើប្រាស់អំពើហិង្សារួច ក៏នាំគ្នាជិះម៉ូតូបំបែកគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។ ភ្លាមៗនោះដែលក៏ឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ផងដែរ ដោយតាមឃាត់បានយុវជន៥នាក់ជាបន្តបន្ទាប់ ។
ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះរួមមាន ទី១-ឈ្មោះ លីន ភារិទ្ធ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ៧ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទី២-ឈ្មោះ វិន ថាន់ឡុង អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ២៤ ផ្លូវ១០៥ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ទី៣-ឈ្មោះ សូ សារិទ្ធ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ទី៤-ឈ្មោះ គឹម រតនះ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង៥-ឈ្មោះ ដា ឌីណែល អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅផ្លូវ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។
ពាក់ព័ន្ធនឹងករណីនេះយុវជនដែលរងការប្រើហិង្សារនេះបានឲ្យដឹងថា ពួកគេមិនដែលស្គាល់ ហើយក៏មិនធ្លាប់មានជម្លោះជាមួយនិងក្រុមក្មេងស្ទាវទាំងអស់នោះទេ ហើយក៏មិនដឹងថាមានរឿងអ្វីបានជាក្រុមក្មេងស្ទាវទាំងនោះ បាននាំគ្នាមកវាយពួកគេបែបនេះដែរ។ បច្ចុប្បន្នក្មេងទំនើងទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ កំពុងធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕