អាមេរិក៖ មានករណីអគ្គីភ័យឆាបឆេះរោងចក្រគីមីមួយរបស់ក្រុមហ៊ុន LUBRIZOL យ៉ាងសន្ធោ សន្ធៅ ដោយបានបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ឡើងទៅលើអាកាសកម្ពស់ប្រមាណជា១០០ម៉ែត្រស្ទើរតែងងឹតមេឃ ដែលបានកើតឡើងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ។
រោងចក្រនោះជារបស់ក្រុមហ៊ុន CHEMTOOL ដែលជាសាខាមួយរបស់ក្រុមហ៊ុន LUBRIZOL អាមេរិកដែលដកខ្លួនចេញពីបារាំង ក្រោយមានភ្លើងឆេះរោងចក្រនៅតំបន់ន័រម៉ង់ឌី កាលពីខែកញ្ញា ឆ្នាំ២០១៩ ដោយការឆេះនោះបានបំផ្លាញផលិតផលគីមីអស់ជិត១០.០០០តោន ។
បើតាមប្រភពព័ត៌មានពីសហគ្រាសនេះបានឲ្យដឹងថា ពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ ក្នុងភ្លើងឆេះនោះដែលកើតមាននាវេលាម៉ោង៧ព្រឹក នៅជាយក្រុង ROCTON ចម្ងាយប្រមាណជា១៣០គីឡូម៉ែត្រពីទីក្រុងស៊ីកាហ្គោឡើយ ។ បណ្ដានិយោជិតរបស់យើងសុទ្ធតែគេចផុតពីគ្រោះថ្នាក់ ។ ប៉ូលិសបានសហការក្នុងការជម្លៀសមនុស្សចេញពីជុំវិញរោងចក្រនេះក្នុងរង្វង់១,៦គីឡូម៉ែត្រ ប៉ូន្តែគេនៅមិនទាន់ដឹងមូលហេតុនៃភ្លើងឆេះនេះនៅឡើយ ៕