មីយ៉ាន់ម៉ា៖ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវទម្លាក់ចេញពីតំណែងបានចូលខ្លួនក្នុងសវនាការកាត់ក្តីលពីថ្ងៃចន្ទទី១៤ ខែមិថុនាម្សិលមិញនេះ ទាក់ទងនឹងបទចោទប្រកាន់ចំនួន២ក្នុងចំណោមបទចោទប្រកាន់ជាច្រើនករណីពីបទអំពើពុករលួយដែលប្តឹងដោយរបបយោធាដែលបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី និងដណ្តើមកាន់កាប់អំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។
ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោកស្រី ស៊ូជី វ័យ៧៥ឆ្នាំ បានរងការចោទប្រកាន់ពីបទកាន់កាប់វិទ្យុទាក់ទងដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត និងការបំពានវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ ក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំទៅ ។ ក្រៅពីនេះរបបយោធាចោទប្រកាន់ពីបទបំពានច្បាប់រក្សាការសម្ងាត់របស់ជាតិ, ការញុះញង់ឲ្យមានចលាចលជាសាធារណៈ, ការប្រើប្រាស់ដោយមិនត្រឹមត្រូវនូវទីតាំងដីសម្រាប់មូលនិធិសប្បុរសធម៌របស់លោកស្រី និងការទទួលសំណូកជាលុយចំនួន ៦សែនដុល្លារ និងមាស ១១គីឡូក្រាម។
ទោះបីយ៉ាងណាក្តី ក្រុមមេធាវីរបស់លោកស្រីរំពឹងថា សវនាការនេះអាចប្រើពេលរហូតដល់ចុងខែកក្កដា ។ មេធាវីរបស់ លោកស្រី ស៊ូជី បានបដិសេធការចោទប្រកាន់បន្ថែមទៅលើលោកស្រី ដោយបានហៅការចោទប្រកាន់ទាំងនោះថា «គ្មានហេតុផល» និង «គ្មានមូលដ្ឋាន»នោះឡើយ ៕