កណ្តាល ៖ ម្ចាស់បំណុលខឹងនឹងការទារលុយពីកូនបំណុលមិនបាន ទាញកាំបិតប៉័ងតោ កាប់ ២នាក់ប្តីប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ នៅថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១៨នឹង១០នាទី នៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
អធិការនគរបាលស្រុកកៀនស្វាយលោក ព្រុំ សំណាង បានឲ្យដឹងថា ជនរងគ្រោះមាន២នាក់ ឈ្មោះចយ ឆៃលីមភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរជាងដំដែកមានទីលំនៅភូមិគគីរធំ២ឃុំគគីរធំស្រុក កៀនស្វាយ ខេត្តកណ្តាល និងឈ្មោះសំរឹទ ចាន់ភេទស្រីអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (ត្រូវជាប្តី ប្រពន្ធនឹងគ្នា) ។
ចំណែកជនសង្ស័យ
ឈ្មោះប៊ិន ធីតាភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិ គគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្ត កណ្តាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ស៊េរី២០២១ ពណ៌ក្រហមពាក់ផ្លាកលេខកណ្ដាល1AK.5803 ។
បើតាមលោកអធិការបានជម្រាបបន្តថា នៅមុនពេលកើតហេតុ ឈ្មោះប៊ិន ធីតាភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំស្រុក កៀនស្វាយ ខេត្តកណ្តាល បានដឹកប្រពន្ធឈ្មោះ នូ ចាន់ថន ភេទស្រី អាយុ៤៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នាដើម្បីទៅទារលុយដែលជនរងគ្រោះជំពាក់ប៉ុន្តែជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបានឆ្លេីយថាគ្មានលុយទេ រង់ចាំថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២១ទើបមានលុយសង ។ ភ្លាមៗឈ្មោះ ប៊ិន ធីតាដែលជាជនសង្ស័យខឹងបានហៅឈ្មោះ ចយ ឆៃលីម ឲ្យមកជិតខ្លួនរួចក៏ទាញកាំបិតប៉័ងតោ ពីក្នុងកាបូបស្ពាយរបស់ខ្លួន កាប់ជនរងគ្រោះមួយកាំបិត ចំកណ្ដាលក្បាល ដេរចំនួន០៤ថ្នេរ ឃើញដូច្នេះឈ្មោះសំរឹទ ចាន់ ត្រូវជាប្រពន្ធឈ្មោះចយ ឆៃលីម ភេទប្រុសបានចូលឃាត់តែត្រូវឈ្មោះប៊ិន ធីតា ភេទប្រុសកាប់មួយកាំបិតចំក្បាលផ្នែកខាងក្រោយចំហៀងខាងឆ្វេងដេរចំនួន៧ថ្នេរ ។ ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួនបាត់រួមជាមួយវត្ថុតាង ។
បន្ទាប់មកពីទទួលបានពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ចុះដល់កន្លែងកើតហេតុ ដើម្បីស្វែងរកជនសង្ស័យតែរកមិនឃើញ ។ លុះដល់វេលាម៉ោង១៦និង២០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ទើបកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំឃាត់ខ្លួនជនសង្ស័យឈ្មោះបិន ធីតា ដោយបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះមែន ។ បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ កំពុងសម្រាកព្យាបាល របួសនៅមណ្ឌលសុខភាពឃុំគគីរធំ ៕