កាលពីរសៀលថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2021 ថ្មីៗនេះ ក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) ដែលជាក្រុមហុនផលិតទឹកកស្តង់ដារអនាម័យផ្កាយ5 នៅក្នុងប្រទេសកម្ពុជាយើងបានចុះទៅសួរសុខទុក្ខ ក៏ដូចជានាំយកនូវអំណោយជាថ្នាំសង្កូវចំនួន10កេសធំស្មើរនឹង 800 កញ្ចប់ ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំយកទៅប្រគល់ជូនផ្ទាល់ដល់ទីតាំងសាលាខណ្ឌដូនពេញ។ នៅក្នុងពិធីប្រគល់អំណោយនេះដែរក៏មានការចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំ TV 5, លោក Apichart Duang-Art និងវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក សុខ ពេញវុធ ជាអភិបាលខណ្ឌដូនពេញផ្ទាល់តែម្ដង។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកឡើងដែរថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងចំពោះសន្តានចិត្តក៏ដូចជាសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនផលិតទឹកកក EVA ដែលបាននាំយកនូវអំណោយជាគ្រឿងបរិក្ខាពេទ្យ ដែលអាចជួយសម្រួល និងសម្រាលដល់វិស័យសុខាភិបាលក្នុងខណ្ឌដូនពេញតែម្ដង ដែលកំពុងជួបប្រទះខ្លាំងនូវវិបត្តិកង្ខះខាតថវិការសម្រាប់ទិញគ្រឿងបរិក្ខាពេទ្យឬថ្នាំសង្កូវសម្រាប់យកទៅព្យាបាលអ្នកជម្ងឺកូវីដ19 ក៏ដូចជាសម្រាប់ផ្គត់ផ្គង់ដល់បុគ្គលិកបម្រើការប្រចាំនៅក្នុងអង្គភាពផងដែរ។ លោកថានេះគឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ចូលរួមជួយដល់សង្គមពិសេសខាងផ្នែកសុខាភិបាល អាចថាមិនច្រើនពេកក៏មិនតិចនោះដែរបើគិតជាចំនួន និងជាថវិកា។ លោកនឹងចាត់ចែងបន្តជូនដល់កងកម្លាំងប្រជាការពារតាមសង្កាត់ និងនៅតាមបណ្ដារសង្កាត់ក្រោមឱវាទខណ្ឌទាំងអស់ឱ្យបានប្រើប្រាស់ដូចៗគ្នា។
អគ្គនាយកក៏ដូចជា តំណាងក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) បានលើកឡើងថា នេះជាទឹកចិត្តខ្លះចែកជូនខាងសាលាខណ្ឌ ខាងលើដើម្បីបានប្រើប្រាស់តាមសភាពជាក់ស្តែងដើម្បីជួយសម្រួលដល់ការចំណាយទៅលើការចរាចរទិញថ្នាំព្យាបាលដល់អ្នកជម្ងឺកូវីដ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌបានប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពរបស់យើង។ លោកថា នឹងបន្តយុទ្ធនាការមនុស្សធម៌ជាមួយនឹងអំណោយបែបនេះជូនដល់ថ្នាក់ដឹកនាំឱ្យបានគ្រប់ខណ្ឌនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកជួយរាជរដ្ឋភិបាល ពិសេសដល់សុខទុក្ខបប្រជាជនកម្ពុជាយើងនាកំឡុងពេលប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហារោគឆ្លងនៃជម្ងឺកូវីដ19នេះ។ អ្វីដែលមិនអាចភ្លេចបាន និងមិនអាចធ្វេសប្រហែសបាននោះរាល់សកម្មភាពចុះធ្វើសកម្មភាពមនុស្សធម៌របស់លោកនឹងក្រុមការងារ តែងតែប្រកាន់ភ្ជាប់នូវគោលការរក្សាអនាម័យ 3កុំ3ការពាររបស់រាជរដ្ឋាភិបាលជានិច្ចដើម្បីជៀសផុតពីរោគឆ្លងកាចសាហាវនេះ។