(ប៉ោយប៉ែត)៖ បន្ទាប់ពីមានរឿងតវ៉ាពីសំណាក់កម្មករដែលធ្វើការឲ្យក្រុមហ៊ុន ក្រុងរណបឆាយណា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាថា មិនបានបើកលុយឲ្យកម្មករជាច្រើន ថ្ងៃភ្លាម ធ្វើឲ្យមានការភ្ញាក់ផ្អើល, លោក ប៉ែន វុទ្ធី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស អញ្ជើញអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ។
លោក ប៉ែន វុទ្ធី បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ខ្ញុំបាទជា អ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមគោរពអញ្ជើញលោក ពៅ សុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់ អាគារពាណិជ្ជកម្មគ្រោង ចំនួន៣០អាគារ នៅគម្រោង សូមចូលរួមដោះស្រាយជាមួយ ពុកម៉ែបងប្អូន កម្មករកម្មការិនី ចំនួន ជាង ២០០នាក់ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុន នឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់»។
លោកបន្តថា «ខ្ញុំបានព្យាយាម ទាក់ទងជាច្រើនលើកច្រើនសារតែលោក មិនព្រមលើកទូរស័ព្ទ ព្រោះវាគឺជាការគេចវេសដែលធ្វើឲ្យប៉ះពាល់កិត្តិយស ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ»។
តាមការបញ្ជាក់ បន្ថែមរបស់អ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ផងដែរថា កន្លងមកឲ្យតែលោក ពៅ សុខសាន្ដ ដែលជាមេការខាងលើមកសុំពិគ្រោះសំណើបើកប្រាក់ ឈ្នួលជូនបុគ្គលិក (ខ្ចី) ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ច តែដោយឡែកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ពៅ សុខសាន្ត ពុំបានផ្ដល់ព័ត៌មានជូនមកក្រុមហ៊ុនទេ បែរជាបាត់ដំណឹង ហើយខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ។
គិតមកដល់ម៉ោងនេះ នៅមិនទាន់ដឹងថា ការដោះស្រាយស្ដីពីការតវ៉ារបស់កម្មករខាងលើដល់ចំណុចណានៅឡើយនោះទេ ហើយយើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា៕