ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតផ្ទះអស់ចំនួន ៣ខ្នងនិងសម្ភារ:រងការខូចខាតស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងសហគមន៍៤ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងំណោមផ្ទះដែលឆាបឆេះទាំង៣ផ្ទះក្នុងនោះរួមមាន៖ ទី១- ផ្ទះដើមហេតុមុនគេមានទំហំ ៣ម៉ែត្រគុណ ៣ម៉ែត្រ ជាផ្ទះឈើសងពីឈើប្រក់ស័ង្កសី ទី២-ផ្ទះទំហំ៥ម៉ែត្រគុណនិង៤ម៉ែត្រសងថ្មខាងក្រោមខាងលើឈើប្រក់ស័ង្កសី និងទី៣-ផ្ទះលោកយាយដែលកំពុងរស់នៅមានទំហំ៤ម៉ែត្រកន្លះគុណនិង៣ម៉ែត្ររងការខូចខាតស្ទើរទាំងស្រុង។
បើតាមលោកយាយរងគ្រោះឈ្មោះ ស៊ុន រឿន ភេទស្រី អាយុ ៧៣ឆ្នាំ មុខរបរដើររើសអេតចាយបានឲ្យដឹងថា ផ្ទះដែលបង្កហេតុមុនគេគឺផ្ទះដែលនៅកណ្តាលគេហើយផ្ទះខាងលើ មិនមានមនុស្សនៅឡើយដោយចាក់សោចោល ចំណែកម្ចាស់ផ្ទះទៅរស់នៅឯខេត្តកំពង់សោមបាត់ទៅហើយ។ ចំណែកផ្ទះមួយទៀតសងនៅបន្ទាប់ក៏មិនមានមនុស្សនៅដែរ តែម្ចាស់ឧស្សាហ៍មកលេងយូរៗម្តង នឹងទើបមកលេងផងដែរ រីឯផ្ទះលោកយាយជាផ្ទះទី៣នៅខាងគេដែរ។
នៅមុនពេលកើតហេតុគាត់កំពុងតែដេកជាមួយចៅស្រី ក៏ស្រាប់តែលឺសំឡេងប្រជាពលរដ្ឋស្រែកថា ភ្លើងឆេះគាត់ក៏ស្ទុះចេញមកក៏ស្រាប់តែឃើញភ្លើងឆាបឆេះដល់ជញ្ជាំងផ្ទះគាត់បាត់ទៅហើយ ខណ:ពេលភ្លាមៗនោះ គាត់បានហៅចៅស្រីចេញមិនបានប្រមូលអីវ៉ាន់បានច្រើនទេគឺត្រូវភ្លើងឆេះខ្ទេចអស់ទៅហើយ។
ចំណែកប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងផ្ទះឆេះដើមហេតុមុនគេគឺ មានការសង្ស័យមានក្មេងជក់ថ្នាំញៀននៅទីនោះញឹកញាប់ ព្រោះផ្ទះខាងលើគ្មានមនុស្សរស់នៅ។ ខណ:ពេលដែលកំពុងឆាបឆេះភ្លាមៗប្រជាពលរដ្ឋជាច្រើន បាននាំគ្នាជួយពន្លត់ដោយម្នាក់ៗយកធុងមកដួសទឹកជះភ្លើង ហើយប្រជាពលរដ្ឋមួយចំនួនទៀត បានទាក់ទងទៅសមត្ថកិច្ច ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ភ្លាមៗ។
ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២ បានឲ្យដឹងថា ភ្លាមៗនោះរថយន្តស្នងការរាជធានីភ្នំពេញបានមកភ្លាមៗដោយរថយន្តពន្លត់អគ្គិភ័យបានមកជួយពន្លត់ចំនួន ៣គ្រឿង និងប្រើរយ:ពេលចំនួនជាងមួយម៉ោងទើបរលត់ ៕