ភ្នំពេញ៖ បន្ទាប់ពីបានឃើញមហាជនអ្នកលេងហ្វេសប៊ុកនាំគ្នាសែចែកចាយបន្តពេញបណ្តាញសង្គមហ្វេសប៊ុកពីការស្លាប់របស់ក្មេងប្រុសកម្សត់អាហុងស្រាប់តែអ្នកស្រីទ្រីដាណា បានបង្ហោះសារសម្តែងការអាណិតអាសូរចំពោះក្មេងនេះយ៉ាងខ្លាំង ដោយសារក្មេងកម្សត់នេះហាក់បាត់ដំណឹងយូរហើយប៉ុន្តែនៅពេលលេចឮដំណឹងសារថ្មី បែជាដំណឹងអកុសលបែបនេះ ។
អ្នកស្រីទ្រីដាណាបានបង្ហោះសារនៅថ្ងៃនេះថា «ហឹម ចាត់ទុកថាអស់កម្មពារជាតិនេះចុះ អាហុងធ្លាប់ឃើញគេបង្ហោះ មើលរូប មើលវីដេអូក្មេងនេះ អាណិតដែរ តែធ្វើម៉េចគាត់ពេញចិត្តសេរីភាព ធ្លាប់ដើរហើរសេរីម្នាក់ឯង ឃើញអង្គការយកទៅចិញ្ចឹមឱ្យរៀនសូត្រ ក៏លួចរត់មកក្រៅដើរសេរីម្នាក់ឯងដដែល។ ឃើញព័ត៍មានថាយប់មិញ គាត់តោងឡានគេលេង ធ្លាក់ស្លាប់តាមពិត សារជាតិគាត់មិនអាក្រក់ទេ គាត់លួចមូតូ រ៉ឺមកគេ ក៏គ្រាន់ជិះលេងកំដរអារម្មណ៍ មិនដែលយកទៅណាទេ តែធ្វើម៉េច ជីវិតគ្មានគោលដៅ គ្មានមេបា ខ្វះភាពកក់ក្ដៅ។ មិនដឹងថាគាត់មកប្រវត្តិមកពីណា តែផ្ដាំឪពុកម្ដាយគ្រប់រូប គួរមានទំនួលខុសត្រូវលើកូន ចិញ្ចឹមឱ្យដឹងក្ដី កុំឱ្យក្លាយជាក្មេងអនាថា ដូចអាហុងនេះសូមឯង ទៅកើតជាតិថ្មី មានក្ដីសុខ មានគ្រួសារដ៏កក់ក្ដៅមួយ»។
សូមជម្រាបថា ក្មេងកម្សត់អាហុង ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកស្គាល់យ៉ាងច្បាស់ថា ជាក្មេងអនាថា និងត្រូវបានគេដឹងថា ធ្លាប់មានអ្នកបោកក្មេងនេះប្រើប្រាស់ឲ្យដើរលួចទ្រព្យសម្បត្តិអ្នកដទៃទៀតផង ។ ដំណឹងស្លាប់របស់ក្មេងប្រុសនេះធ្វើឲ្យមហាជនអាណិតអាសូជាខ្លាំងបាននាំគ្នាសែចែកចាយបន្ត និងខំម៉ិន(Comment) បញ្ចេញមតិយ៉ាងព្រោតព្រាតទៀតផង ៕