ព្រះវិហារ៖ បន្ទាប់ពីទទួលដំណឹងថាបុរសម្នាក់ផ្ទុកជំងឺកូវីដ-១៩ធ្វើដំណើរចេញខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ បានធ្វើដំណើរមកស្រុកកំណើត នៅខេត្តព្រះវិហារហើយជួបជុំគ្នាផឹកស៊ីសប្បាយនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១នេះអាជ្ញាធរ និងក្រុមគ្រូពេទ្យបានចេញប្រតិបត្តិការចុះទប់ស្កាត់ដល់កន្លែងភ្លាមៗ ។
បើតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកមានឈ្មោះ គង់ សុភីន បានបង្ហោះសារនៅថ្ងៃព្រហស្បតិ៍ទី១០ ម្សិលម៉ិញនេះបានឲ្យដឹងថា បុរសវិជ្ជមានកូវីដ១៩ ខាងលើនេះ បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិ ៩នាក់ គ្រាន់តែមកដល់ផ្ទះភ្លាម។ ក្រោយការទទួលបានព័ត៌មានពីបុរសរូបនោះ ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរ បានចុះដល់ទីតាំងផ្ទះរបស់បុរសនោះ ហើយបានបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាល រីឯមិត្តភក្តិដែលស៊ីផឹកជាមួយគាត់ ទាំង ៩ នាក់ ត្រូវបានទាក់ទង និងយកសំណាកជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ។
សូមជម្រាបថា បុរសវិជ្ជមានកូវីដ១៩ខាងលើ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ បច្ចុប្បន្ននេះក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានកំពុងស្វះស្វែង រកអ្នកដែលពាក់ព័ន្ធបន្ថែមទៀតទាំងអ្នកដែលប៉ះពាល់ដោយផ្ទាល់ និង ប្រយោលជាមួយបុរសខាងលើ ៕