ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀនចិន បានឯកភាពក្នុងការពង្រឹងកិច្ចសហការកាន់តែខ្លាំងជាមុន ដើម្បីបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន។ ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៨ ខែមិថុនានេះ តាមប្រព័ន្ធអនឡាញ ដែលភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីចិន ដឹកនាំដោយលោក លាំង យុន អគ្គលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀនចិន (NNCC ) និងជាអគ្គនាយកការិយាល័យត្រួតពិនិត្យគ្រឿងញៀននៃក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា ដោយសារតម្រូវការគ្រឿងញៀននៅតាមបណ្តាប្រទេសនីមួយៗ រួមទាំងទីផ្សារគ្រឿងញៀនខុសច្បាប់មានការកើនឡើងច្រើនជាងមុន តម្រូវឱ្យមន្រ្តីអនុវត្តច្បាប់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ និងពិភពលោក។ លោក បញ្ជាក់ថា តាមរយ:ការផ្លាស់ប្តូរព័ត៌មាននាពេលកន្លងមក មន្ត្រីជំនាញកម្ពុជា បំផ្លាញបាននូវបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនសញ្ជាតិចិន ចាប់យកបាននូវគ្រឿងញៀន និងសារធាតុគីមីផ្សំបានជាច្រើនរយគីឡូក្រាម។
ជាការឆ្លើយតប លោក លាំង យុន បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កម្ពុជា ក្នុងការបង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀន ទោះបីកម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនយ៉ាងណាក្តី។
លោក លាំង យុន បានអះអាងថា ភាគីចិន នឹងបន្តសហការជួយដល់កម្ពុជា លើការបំផ្លាញដល់ប្ញសគល់របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ រួមទាំងក្រុមឧក្រិដ្ឋជនជាជនជាតិចិន ធ្វើយ៉ាងណា កុំឱ្យឧក្រិដ្ឋជនទាំងនោះ ប្រើប្រាស់ទឹកដីកម្ពុជា ជាកន្លែងផលិត និងជួញដូរគ្រឿងញៀនទៅកាន់ប្រទេសទីបី៕