ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2014 ។
ក្រសួងបានបន្តថា ស្ថានភាពបែបនេះនឹងបង្កឲ្យមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង សម្រាប់បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ។ ចំពោះខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងមានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ។ ចំណែកតំបន់មាត់សមុទ្រមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនិងខ្យល់កន្ត្រាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ ។
ទន្ទឹមនឹងនេះក្រសួងបានអំពាវនាវដល់សាធារណជន ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕