ពោធិ៍សាត់៖ កសិករ២នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសដោយសាររន្ទះបាញ់នៅពេលពួកគេបានកំពុងនាំគ្នាធ្វើរោងដេកចាំស្រែ កាលពិវេលាម៉ោង៤រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច វាលស្រែត្រពាំងឃ្លៃ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមអធិការដ្ឋាននគរបាលស្រុកក្រគរលោកវរៈសេនីយ៍ឯកឯមរុនបានឲ្យដឹងនៅថ្ងៃទី៤ មិថុនាថា ជនរងគ្រោះទាំង៤នាក់នោះរួមមាន ទី១-ឈ្មោះ ឃា សាមឿន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរ កសិករបានស្លាប់ ដែលមានប្រពន្ធ និងកូនប្រុសស្រីចំនួន ៥ នាក់ ក្នុងបន្ទុកគ្រួសារ ។ ទី២- ឈ្មោះ ពេច ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករបានស្លាប់ ដែលមានប្រពន្ធ និង កូនស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ។ ទី៣-ឈ្មោះ ខន សុខ ឃីម ភេទប្រុសអាយុ ៣៩ ឆ្នាំ មុខរបរកសិកររងរបួស ។ ទី៤-ឈ្មោះ ប៉ាន កាន ភេទប្រុសអាយុ១៧ ឆ្នាំមុខរបរកសិកររងរបួស ។ ជនរងរបួស និងស្លាប់មានលំនៅបច្ចុប្បន្ននៅ ភូមិ ឃុំកើតហេតុខាងលើដែលជាភូមិកើតមានករណីពុលស្រាសស្រាថ្នាំជាច្រើននាក់បណ្ដាលឱ្យស្លាប់និងកំពុងតែជួយសង្គ្រោះបន្ទាន់នោះ ។
អធិការនគបាលស្រុកក្រគរជម្រាបបន្តថា ជនដែលរងរបួសទាំង ២ នាក់ត្រូវ បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ស្រុកក្រគរ ចំណែកឯអ្នកស្លាប់ ត្រូវបានសមត្ថកិច្ចចុះធ្វើ កំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
លោកអធិការនគបាលស្រុកក្រគរលោកបានបញ្ជាក់មូលហេតុថា នៅមុនពេលកើតមានគ្រោះថ្នាក់នេះកើតឡើងដោយសារក្រុម ជនរងគ្រោះបាននាំគ្នា ធ្វើរោងចាំស្រែ លុះនៅវេលាខាងលើមេឃស្រទំនិងធ្លាក់ភ្លៀង រលឹមស្រិចៗ លាយឡំទៅដោយខ្យល់ផ្គរស្រាប់ តែមានផ្លេកបន្ទោរ និងរន្ទះបាញ់ចំតែម្ដង ៕