ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងដោយទុករយៈពេល១សប្តាហ៍ ឱ្យអ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេរុះរើចេញដោយខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូតខាតឡើយ ។
លុះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក រស់ សុភ័ក្ត អភិបាលរង តំណាងលោក ចេង មុនីរ៉ា បានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យ និងចែកសេចក្តីជូនដំណឹងដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។
បន្ទាប់ពីលោកលោកអភិបាលរងខណ្ឌពន្យល់បន្ថែមលើសេចក្តីជូនដំណឹង ប្រជាពលរដ្ឋដែលរស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ យល់ព្រមអនុវត្តតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌច្បារអំពៅ ។
ទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋទាំងនោះបាសុំពន្យារពេលថែមទៀត ដើម្បីទុកពេលដើររកទីតាំងថ្មីដាក់កូនត្រីចិញ្ចឹម និងរើផ្ទះបណ្តែតទឹកចេញ ព្រោះនៅក្នុងបែ នីមួយៗសុទ្ធតែកូនត្រីទើប និងដាក់ចូលចិញ្ចឹម។ ការស្នើសុំពន្យាពេល រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ដែលជាសំណូមពររបស់អ្នករស់នៅលើទីតាំងទាំងអស់នេះ ត្រូវបានក្រុមការងារលើកយកមកពិចារណានិងសម្រេចនៅពេលក្រោយ ៕