ស្រីលង្កា៖ អាជ្ញាធរប្រទេសប្រទេសស្រីលង្កាបង្ហាញកង្វល់ការព្រួយបារម្ភអំពីមហន្តរាយដល់បរិស្ថានជាខ្លាំងជុំវិញករណីនាវាដឹកទំនិញមួយគ្រឿងដែលមានផ្ទុកសារធាតុគីមីដែលលិចនៅក្បែរឆ្នេរសមុទ្ររបសប្រទេសខ្លួន ។
អាជ្ញាធរប្រទេស្រីលង្កាបានឲ្យដឹងថា នាវា X-Press Pearl ដែលត្រូវបានចុះបញ្ជីនៅប្រទេសសិង្ហបុរីនោះត្រូវបានអគ្គិភ័យឆាបឆេះប្រមាណជិត២សប្តាហ៍មុនពេលដែលត្រូវបានគេពន្លត់នៅក្នុងសប្តាហ៍នេះ។ ក្នុងនាវានោះ មានផ្ទុកប្រេងឆៅរាប់រយតោនដែលអាចនឹងលេចធ្លាយចូលទៅក្នុងសមុទ្រប្រសិនបើវាលិចដោយបង្កការបំផ្លិចបំផ្លាញដល់ជីវិតសត្វសមុទ្រ ។
ភ្លាមៗនោះកងទ័ពជើងទឹកស្រីលង្កា និងឥណ្ឌាបានធ្វើការរួមគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកក្នុងគោលបំណងដើម្បីពន្លត់អគ្គិភ័យនោះនិងការពារមិនឲ្យនាវាផ្ទុះនិងលិច។ ប៉ុន្តែប្រតិបត្តិការដែលនៅមិនឆ្ងាយប៉ុន្មានពីកំពង់ផែទីក្រុងកូឡុំបូ (Colombo) នោះត្រូវបានរារាំងដោយសារអាកាសធាតុនៅសមុទ្រមិនអំណោយផល។
បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កាបានប្រាប់ឲ្យដឹងថា នាវានោះកំពុងតែលិច ហើយគេកំពុងព្យាយាមអូសវាយកទៅកន្លែងទឹកជ្រៅនៅមុនពេលវាលិចបាត់ដើម្បីកាត់បន្ថយការបំពុលសមុទ្រ ប៉ុន្តែផ្នែកខាងក្រោយរបស់វាបានដាច់ចេញនិងរសាត់អណ្តែតនៅលើសមុទ្រ។ ចំណែកខាងអ្នកជំនាញផ្នែកបរិស្ថានបាននិយាយថា ប្រសិនបើនាវានោះលិច វានឹងបង្កឲ្យមាន «សេណារីយ៉ូបរិស្ថានដ៏អាក្រក់បំផុត» ដោយបំផ្លាញបាតសមុទ្រទាំងមូល។
ពាក់ព័ន្ធនឹងបញ្ហានេះក្រុមមន្ត្រីស្រីលង្កាជឿជាក់ថាអគ្គិភ័យនោះបណ្តាលមកពីការលេចធ្លាយអាស៊ីដនីទ្រីកដែលក្រុមនាវិកបានដឹងតាំងពីថ្ងៃទី១១ ខែឧសភា។ ក្រៅពីប្រេងឆៅ វាមានដឹកអាស៊ីដនីទ្រីកចំនួន២៥តោនដែលត្រូវបានគេយកទៅប្រើដើម្បីផលិតជីគីមីនិងរំសេវផ្ទុះ ៕