ការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនិងក្រុមគ្រួសារនៃសព ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី៣ ខែមីថុនា ឆ្នាំ២០២១ រដ្ឋមន្រ្តី ឯកឧត្តម ខៀវ កាញារីទ្ធ បានដឹកនាំគណ:ប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរព វិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ត្រាំ អ៊ីវតឹក ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានឯកឧត្តមផ្ទាល់ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
ឯកឧត្តម ត្រាំ អ៊ីវតឹក ជាអតីត រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អតីតរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ បានទទួល មរណភាព នៅថ្ងៃទី០១ ខែមីថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន បាន សំដែងនូវការចូលរួមសោកស្តាយចំពោះការបាត់បង់រូប ឯកឧត្តម ត្រាំ អ៊ីវតឹក គឺជាការបាត់ បង់ឥស្សរជនឆ្នើមមួយរូប បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការ បម្រើ ជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
នៅក្នុងលិខិតរបស់ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ចូលរួមរំលែកទុក្ខជូនចំពោះ លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក ព្រមទាំងក្រុមគ្រួសារ បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល និងក្នុងនាមឯកឧត្តម ផ្ទាល់ មានសេចក្តី ក្រៀមក្រំ ក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ត្រាំ អ៊ីវតឹក ជាស្វាមីជាទី ស្រឡាញ់ របស់លោកជំទាវ បានទទួលមរណភាព ហេីយមរណភាព របស់ឯកឧត្តម ត្រាំ អីវតឹក គឺជា ការបាត់បង់ នូវស្វាមីប្រកបដោយព្រហ្មវិហារធម៌សង្គហធម៌ សណ្តោសប្រោសប្រណីចំពោះ កូនចៅគ្រប់រូប និងជាបិតាក្មេក ជាជីតា ជាទីគោរពស្រឡាញ់បំផុត របស់ក្រុមគ្រួសារទាំងអស់ នៃសព ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ក្នុងការ បីបាច់ថែរក្សាកូនៗ ព្រមទាំងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបដែលពេញមួយជីវិត របស់ឯកឧត្តម បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការបម្រើជាតិមាតុភូមិ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សូមចូលរូមរំលែកនូវមរណទុក្ខជា មួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមបួង សួង ឲ្យវិញ្ញាណក្ខ័ន្ធ របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក បានទៅសោយសុខ ក្នុង សុគតិភព កុំបីឃ្លៀង ឃ្លាតឡើយ ។
សព ឯកឧត្តម ត្រាំ អ៊ីវតឹក នឹងត្រូវក្រុមគ្រួសារដង្ហែយកទៅធ្វេីពិធីបុណ្យបូជា នៅថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២O២១ នាមេរុ មុខវត្តបុទុមវត្តី រាជាធានីភ្នំពេញ៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា