កណ្តាល៖ លោក ជួន សុបញ្ញា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានជម្រាបឲ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះថា លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីកាឃុំខ្លួនក្រុមឧក្រិដ្ឋជន៥នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ជិត១០០គីឡូក្រាម។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះបានឲ្យដឹងបន្តថា ក្រុមឧក្រិដ្ឋជន៥នាក់នេះ ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ «កែច្នៃ ជួញដូរ ដឹកជញ្ជូន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៣៩ និង មាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» ។
សូមជម្រាបថា កាលពីថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម រួមនឹងវត្ថុតាងមួយ ចំនួនទៀត ៕