កំពត៖ លោក មេង សន្តិភាព ប្រធាន និងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន២នាក់ បានសហការជាមួយលោក គី ធី មន្ត្រីទទួលបន្ទុកផ្នែកសុខភាពសត្វនិងផលិតកម្មសត្វនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទឹកឈូ រួមជាមួយនឹងអាជ្ញាធរភូមិនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១បានចុះមូលដ្ឋានឃុំត្រពាំងព្រីង និងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ដើម្បីត្រួតពិនិត្យ តាមដានស្ថានភាពជំងឺឆ្លងសត្វគោក្របី ជាពិសេសជំងឺដុំពកស្បែកគោ ក្របី ។
ជាលទ្ធផលនៃការតាមដានពីស្ថានភាពជំងឺឆ្លងសត្វគោក្របីឃើញថា សត្វមានសុខភាពល្អជាធម្មតា ។ ក្រៅពីនេះក្រុមការងារបានធ្វើការណែនាំនិងសុំការសហការជាមួយអាជ្ញាធរភូមិដើម្បីជួយរាយការណ៍ក្នុងករណីសង្ស័យថា សត្វមានជំងឺដុំពកស្បែកគោក្របី ។
ចំណែកលោក កឹម សំអាន មន្ត្រីទទួលបន្ទុកផ្នែកសុខភាពសត្វនិងផលិតកម្មសត្វនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបន្ទាយមាស បានចុះមូលដ្ឋានក្នុងឃុំទូកមាសខាងលិចដើម្បីតាមដាន ត្រួតពិនិត្យស្ថានភាពជំងឺគោក្របី ជាពិសេសជំងឺដុំពកស្បែកគោក្របី ហើយជាលទ្ធផលឃើញថា សត្វ មានសុខភាពល្អជាធម្មតា។
ដោយឡែកលោក ប៊ុត ស៊ីណា និងលោក ដួង ភាព មន្ត្រីទទួលបន្ទុកផ្នែកសុខភាពសត្វនិងផលិតកម្មសត្វនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរជ័យ បានចុះអនុវត្តវិធានការជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគនៅសត្តឃាតដ្ឋានដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងសត្វ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ៕