ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា នឹងគាំទ្រដល់កម្ពុជាក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យ រហូតដល់៤៥០មេហ្គាវ៉ាត់ នៅកម្ពុជានាឆ្នាំ២០២២ ។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជានៅថ្ងៃទី១ ខែមិថុនានេះ។ ប្រទេសកម្ពុជាមានពន្លឺព្រះអាទិត្យច្រើន ដែលអាចប្រើដើម្បីផលិតថាមពលពន្លឺព្រះអាទិត្យរហូតដល់៤៤.០០០មេហ្គាវ៉ាត់។ នេះបើយោងតាមការសិក្សាដែលឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី។ ព្រះអាទិត្យគឺជាប្រភពថាមពលមួយ ក្នុងចំណោមថាមពលនានា ដែលសន្សំសំចៃបំផុត និងមិនប៉ះពាល់បរិស្ថាន នៅលើផែនដី។
រដ្ឋាភិបាលកម្ពុជា បានទទួលយកថាមពលពន្លឺព្រះអាទិត្យ កម្រិតសំរាប់ប្រើប្រាស់ជាអាស្រ័យ និងប្តេជ្ញាដំឡើងថាមពលពន្លឺព្រះអាទិត្យចំនួន៤៥០មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០២២។ អូស្ត្រាលីសូមសរសើរចំពោះគោលដៅនេះ ហើយកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់យើង ជាមួយថវិកា៤៩លានដុល្លា អូស្ត្រាលី (ប្រមាណ៣៤,៨លានដុល្លារ) កំពុងជួយវាយតម្លៃ សក្តានុពលថាមពលកកើតឡើងវិញ របស់ប្រទេសនេះ រាប់ទាំងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ព្រមទាំងរៀបចំយុទ្ធសាស្ត្រថាមពល កកើតឡើងវិញជាលើកដំបូងរបស់កម្ពុជាផងដែរ៕