ពិធីភ្ជាប់ពាក្យរវាងសេដ្ឋីជាមួយនឹងសេដ្ឋីនី បានបង្ករឲ្យមានការភ្ញាក់ផ្អើលខ្លាំងនិងកក្រើកស្រុកខ្មែរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
កូនកំលោះត្រូវបានគេស្គាល់ថា ជាអ្នកជំនួញអចលនទ្រព្យ និងជាម្ចាស់បុរី ឃាង កលិកា លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង និងកូនក្រមុំលោកជំទាវឧកញ៉ា តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ត្រូវជាបុត្រីរបស់លោកឧកញ៉ា តែ តាំងប៉ អ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា។
ក្នុងពិធីចូលស្តីដណ្តឹងភ្ជាប់ពាក្យកូនក្រមុំក្នុងគ្រួសារអភិជនមួយនេះ ឃើញមានវត្តមានមហាសេដ្ឋី គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ និងអ្នកជំនួញគ្រាកៗជាច្រើនបានចូលរួមអបសារទរយ៉ាងឪឡារិកគគ្រឹកគគ្រេង។
ក្រោយពីបានភ្ជាប់ពាក្យតាមប្រពៃណីខ្មែររួចមក មហាជនជាច្រើនតែងសង្កេតឃើញគូដណ្តឹងកាន់ងារជាឧកញ៉ាមួយគូនេះ បង្ហាញភាពផ្អែមល្ហែមស្អិតរមួតក្នុងដំណើរកម្សាន្តនៅតាមតំបន់ទេសចរល្បីៗនៅតំបន់សមុទ្រ លើកោះ និងរម្មណីយដ្ឋានជាដើម ។ អ្វីដែលកាន់តែពិសេសនោះ គឺសេដ្ឋីទាំងពីរបានផ្តិតយកនូវទិដ្ឋភាពកេរដំណែលដ៏ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ជាមួយនឹងរថយន្តលំដាប់អភិជន ម៉ាក Rolls-Royce តម្លៃកប់ពពកទៀតផង។
ប្រភពច្បាស់ការមួយបានបង្ហើបឲ្យដឹងថា ក្រោយពេលធ្វើពិធីភ្ជាប់ពាក្យរួច លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង និងលោកជំទាវឧកញ៉ា តែ កលិកា គ្រោងនឹងរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី១០ និង១១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕
តោះ ទស្សនារូបស្អាតៗរបស់អនាគតប្តីប្រពន្ធសេដ្ឋីមួយគូនេះ….!