ពោធិ៍សាត់៖ នារីរងម្នាក់ខកចិតនឹងរឿងស្នេហាបានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបានកើតឡើងកាលពីវេលាម៉ោង ០២និង០២នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះសំណាក់ យីហោឈ្មោះ ហេង ហេង ស្ថិតក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
បើតាមលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ មានប្រសាសន៍ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណុន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរលក់ឥវ៉ាន់២៥០០រៀល នៅស្រុកភ្នំក្រវាញ។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ និងក្រុមគ្រួសារសព ពិនិត្យ ធ្វើកោសល្យវិច្ឆ័យ លើសាកសពនារីរងគ្រោះ សាកសពគឺពុំមានស្លាកស្នាមរងរបួសគួរអោយកត់សម្គាល់នោះទេ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលេបថ្នាំសម្លាប់ខ្លួនប្រាកដមែន ពាក់ព័ន្ធនឹងវិបត្តិស្នេហា។ ចំពោះសាកសពនារីរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕