ឯឧ កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា បានឲ្យថា អគ្គិសនីកម្ពុជា បានបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើការខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីវារីអគ្គិសនីតាតៃ និងវារីអគ្គិសនីឬស្សីជ្រុំក្រោម មកអនុស្ថានីយអគ្គិសនីបូទុមសាគរ ប្រវែងជាង៦០គីឡូម៉ែត្រ។ ខ្សែបញ្ជូននេះ ជាកំណាត់ចុងក្រោយនៃភាគខាងត្បូង និងខាងលិចភ្ជាប់ជាមួយខ្សែបញ្ជូនដែលមានស្រាប់ ដែលបង្កើតជាប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីកងតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលដ៏ធំមួយ ពីខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កណ្ដាល មករាជធានីភ្នំពេញ ទៅកំពង់ឆ្នាំង និងពោធិសាត់ ភ្ជាប់ទៅកោះកុងវិញ។ ប្រព័ន្ធខ្សែបញ្ជូនកងនេះ នឹងជួយបង្កើនស្ថិរភាព និរន្តរភាព និងជួយគ្នាទៅវិញទៅមកក្នុងការបញ្ជូនថាមពលពីប្រភពវារីអគ្គិសនីក្នុងខេត្តកោះកុង ពោធិសាត់ និងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ មករាជធានីភ្នំពេញ។ ឯឧ កែវ រតនៈ បានគូសបញ្ជាក់ថា ខ្សែបញ្ជូនថ្មីនេះជាសមទ្ធិផលថ្មីមួយបន្ថែមទៀត ក្នុងវិស័យអគ្គិសនី ក្នុងខែឧសភានេះ បន្ទាប់ពីដាក់ឲ្យដំណើការខ្សែបញ្ជូន ២៣០គីឡូវ៉ុល និងអនុស្ថានីយ៍ចំនួន២ នៅខេត្តមណ្ឌលគិរីកាលពីសប្ដាហ៍មុន។ ហេដ្ឋារចនាសម្ព័ន្តថ្មីនេះ នឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយបង្កើនលទ្ធភាពការផ្គត់ផ្គង់ថាមពលឱ្យបានគ្រប់គ្រាន់ ទៅដល់តំបន់អភិវឌ្ឍន៍ថ្មី ជាពិសេសច្រករបៀងមាត់សមុទ្រក្នុងខេត្តកោះកុងតាមផ្លូវជាតិលេខ៤៨ ដែលកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម ពិណិជ្ជកម្ម។ ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ថ្មីនេះជាសមិទ្ធផលសំខាន់ដែលបាន ពីកិច្ចសហការគ្នាយ៉ាងល្អរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅរួមគ្នាអភិវឌ្ឍន៍កសាងវិស័យអគ្គិសនី សំដៅបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជានិងជីវភាពប្រជាជនកម្ពុជា»។