កីឡាជាតិ៖ ម្ចាស់មេដាយប្រាក់វិញ្ញាសាប្រណាំងរទះកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម កីឡាករ ឈុន ពន់ បានបង្ហាញក្តីបារម្ភពីការប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១នេះ ខណៈការប្រមូលផ្តុំហ្វឹកហាត់ពង្រឹងសមត្ថភាពជួបបញ្ហាប្រឈមខ្វះខាតសម្ភារហ្វឹកហាត់។
កីឡាករជម្រើសជាតិកីឡាជនពិការមានសក្តានុពលរូបនេះបានលើកឡើងបែបនេះ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ថា បើទោះការហ្វឹកហាត់ជួបបញ្ហាខ្វះខាតខ្លះៗ ដោយពុំទាន់ទទួលបានការឧបត្ថម្ភពីភាគីណាមួយក្តី ប៉ុន្តែឆន្ទៈរបស់ខ្លួននៅតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានគុណផលល្អ ត្រៀមប្រជែង ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម មកជូនជាតិផងដែរ។
កីឡាករប្រណាំងរទេះ ដែលទទួលបានមេដាយមកជូនកម្ពុជាពុំដែលខានរូបនេះ ក៏បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភជាសម្ភារហ្វឹកហាត់ ដើម្បីឲ្យការហ្វឹកហាត់ត្រូវស្តង់ដារមានលទ្ធភាពប្រជែងដណ្តើមមេដាយមកជូនជាតិមាតុភូមិ នៅក្នុងព្រឹត្តិការណ៍ប្រចាំតំបន់រៀងរាល់២ឆ្នាំម្តងមួយនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ (ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម) នេះ កីឡាករប្រណាំងរទេះជនពិការ ឈុន ពន់ ត្រូវប្រកួតលើ៣វិញ្ញាសា គឺ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រ។ ឈុន ពន់ ធ្លាប់ដណ្តើមបានមេដាយប្រាក់៣គ្រឿង និងសំរឹទ្ធ២គ្រឿងពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ និងប្រទេសសិង្ហបុរី ឆ្នាំ២០១៥ (អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនត្រូវបានលុបចោល) ហើយកីឡាករដ៏មានសក្តានុពលពិការរបស់កម្ពុជារូបនេះ ក៏ជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿងផងដែរ ពីការប្រកួតក្នុងស្រុក៕