កីឡាជាតិ៖ ការប្រកួតកីឡាបាល់ទាត់ លីគខាប់ រដូវកាល ២០២១ (League Cup 2021) នឹងត្រូវចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដោយមាន៨ក្រុម ត្រូវបានចែកចេញជាពីរពូល។
យោងតាមកិច្ចប្រជុំបទបញ្ជាបច្ចេកទេស និងចាប់ឆ្នោតចែកពូល កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា ការប្រកួតពានរង្វាន់ លីគខាប់ នេះមាន៨ក្រុមចូលរួមប្រកួតប្រជែងជើងឯក ដោយពូលA មាន៤ក្រុម រួមមាន ក្រុមបឹងកេត ភ្នំពេញក្រោន អាយអេសអាយដង្កោសែនជ័យ និងវិសាខា ខណៈពូល B មានក្រុមកងយោពលខេមរភូមិន្ទ ព្រះខ័នរាជស្វាយរៀង យុវជនបាទី និងក្រុមខេត្តព្រៃវែង ដែលព្រឹត្តិការណ៍នេះមានប្រកួតសរុបចំនួន១៥ប្រកួត។
កីឡាករអាចផ្លាស់ប្តូរបាន៥នាក់ ហើយកីឡាករណាដែលប្តរចេញហើយ មិនអាចចូលលេងវិញបានទេ ហើយប្រសិនបើក្រុមណាមានកីឡាករតិចជាង៧នាក់ ចាត់ទុកថា ក្រុមនោះនឹងបោះបង់ការប្រកួត។ ក្រោយពេលប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលបានបញ្ចប់ ២ក្រុម ដែលមានពិន្ទុខ្ពស់ៗជាងគេ ក្នុងពូលនីមួយៗត្រូវឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ខ្វែងពូល) ដោយលេខ១ពូលA នឹងប៉ះលេខ២ពូលB និងលេខ១ពូលB នឹងប៉ះជាមួយក្រុមលេខ២ ពូលA ហើយ២ក្រុមដែលឈ្នះៗនឹងត្រូវឡើងទៅប្រកួតប្រជែងម្ចាស់ជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងប្រកួត និងប្រារព្ធពិធីបិទការប្រកួត នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
ក្នុងករណី ដែល២ក្រុម ឬច្រើនក្រុម ដែលមានពិន្ទុស្មើគ្នា (ក្នុងពូល) នោះការគិតចំណាត់ថ្នាក់នឹងអនុវត្តតាមលំដាប់ដូចជា ពិន្ទុសរុបក្រុម (លទ្ធផល) ដែលពាក់ព័ន្ធ (ក្រុមប្រឈម), ផលសងគ្រាប់បាល់សរុបរវាងក្រុមដែលពាក់ព័ន្ធ (ក្រុមប្រឈម), គ្រាប់បាល់ទាត់ចូលទីគេសរុបរវាងក្រុមពាក់ព័ន្ធ (ក្រុមប្រឈម), ផងសងគ្រាប់បាល់សរុប, គ្រាប់បាល់ទាត់ចូលទីគេសរុប, ទាត់បាល់១១ម៉ែត្រកាត់សេចក្តី បើពាក់ព័ន្ធតែ២ក្រុម ហើយក្រុមទាំងពីរកំពុងលេងលើទីលាន, ក្រុមមានចំណាត់ថ្នាក់ Fair Play ល្អជាងគេ និងពិន្ទុតិចជាងគេ ដែលបានដោយការបូកសរុបកាតលឿង-កាតក្រហមពីការប្រកួតទាំងអស់របស់ក្រុម៕