ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសជំទង់ម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធម្ម ខណៈពេលជិៈម៉ូតូទៅលេងឪពុកម្តាយ នៅធ្វើស្រែ ឯស្រុកអូរជ្រៅ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកម៉ូតូ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជា៣(ផ្លូវវាងក្រុង)ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក គឺ មករា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា៖ជន រងគ្រោះឈ្មោះសុខ សត្យា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិបត់ត្រង់ធំខាងកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកនាយការិយាល័យនគរបាលចរាចរណ៍បានបញ្ជាក់ថា៖មុនពេលកើតហេតុជនរងគ្រោះបានខ្ចីម៉ាកម៉ូតូហុងដាវ៉េវសេ110ពាក់ផ្លាកលេខខេមរភូមិន្ទ07 1-2721 ជារបស់អុំប្រុសធ្វើយោធាក្នុងកងពលតូចថ្មើងលេខ៥៣ ដើម្បីជិៈទៅលេងម្តាយឪពុក កំពុងធ្វើស្រែនៅឃុំកូប ស្រុកអូរជ្រៅ ដោយធ្វើដំណើរពីជើងទៅត្បូងឡើងផ្លូវជាតិប្តូរគន្លងបត់ ទៅទិសខាងកើត ស្របពេលនោះមានរថយន្ត០១គ្រឿងLUXEX៣០០ ភ្នំពេញ.2L-4767 បើកបរផ្លូវត្រង់ក្នុងទិសដៅពីកើតទៅលិចបានបុកចំពីមុខម៉ូតូបណ្តលឲ្យជនរងគ្រោះខ្ទាតពីម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែង អ្នកបើកបររថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។ វត្ថុតាងម៉ូតូខូចខាតធ្ងន់ផ្នែកខាងមុខនិងរថយន្តខូចខាងមុខផ្នែកខាងស្តាំស្រាល ។
លោកវរសេនីយ៍ឯក គី មករា បានបញ្ជាក់ទៀតថា៖ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ខេត្តបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ។ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកមានល្បឿនលឿន រីឯ អ្នកម៉ូតូមិនគោរពសិទ្ធិអាទិភាព មានពាក់មួកការពារសុវត្ថិភាព ។សពជនរងគ្រោះបានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែក វត្ថុតាងរថយន្តនិងម៉ូតូយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រងចាំធ្វើការដោះស្រាយនៅ ពេលក្រោយ ៕