អន្តរជាតិ៖ លោក John Cena អតីតកំពូលអ្នកកីឡាកាសស្ថាប័ន WWE និងជាតារាសម្តែងហូលីវូដ មួយរូបដែរនោះបានចេញមុខសុំទោសប្រទេសចិនចំពោះការហៅកោះតៃវ៉ាន់ថាជា«ប្រទេស»។នេះបើ យោងតាមការចេញផ្សាយពីសារព័ត៌មានBBC។
កាលពីដើមខែឧសភា John Cena បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយតាម ទូរទស្សន៍តៃវ៉ាន់TVBS ថាតៃវ៉ាន់ នឹងក្លាយជាប្រទេសដំបូងគេដែលបានទស្សនាខ្សែភាពយន្ត«Fast and Furious 9»។ ខណៈដែលបទសម្ភាសន៍នេះបានជំរុញឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ដែលតែងតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
John Cena ក៏បានបង្ហោះសារជាវីដេអូនៅលើបណ្តាញសង្គមWeiboកាលពីថ្ងៃទី២៥ ខែឧសភា កន្លង ទៅដោយនិយាយជាភាសាចិនដើម្បីសុំការអភ័យទោសចំពោះកំហុសរបស់ខ្លួន។
បើទោះបុរសវ័យ៤៤ឆ្នាំរូបនេះចេញវីដេអូសុំទោសយ៉ាងណាក៏ដោយក៏មានមតិមួយចំនួនឆ្លើយតប ទៅវីដេអូនោះថាវាមិនគ្រប់គ្រាន់នោះទេ។ ដោយអ្នកខ្លះចង់ឱ្យតារាប្រុសរូបនេះនិយាយថា តៃវ៉ាន់ គឺជាផ្នែក មួយនៃប្រទេសចិនជាភាសាចិន។ បើមិនដូច្នេះទេពួកគេនឹងមិនទទួលយកការសុំ ទោសនេះឡើយ ។
សូមជម្រាបថាកោះតៃវ៉ាន់ គឺជារដ្ឋកោះគ្រប់គ្រងដោយខ្លួនឯងដែលបំបែកចេញពីចិនដីគោក។ចិន និងតៃវ៉ាន់មានរដ្ឋាភិបាលដាច់ដោយឡែកពីគ្នាចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលចិនកាលពីឆ្នាំ១៩៤៩។ ទោះ យ៉ាងនេះក្តីចិនបានប្រឆាំងនឹងការលើកឡើងរបស់តៃវ៉ាន់ ដែលថាខ្លួនជារដ្ឋឯករាជ្យមួយ។ ខណៈដែល ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះហើយចិនក៏មិនបានបដិសេធការប្រើប្រាស់កងកម្លាំងដើម្បីយកកោះនេះមកវិញនោះទេ ៕