ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនឹងកម្លាំងជំនាញខណ្ឌមានជ័យ បើកការស្រាវជ្រាវ ករណីឃាតកម្មវាយសម្លាប់បុរសម្នាក់ និងវែកមុខឃាត់ខ្លួនជនសង្ស័យបានភ្លាមៗចំនួន២នាក់ក្រោយសម្លាប់ជនរងគ្រោះរយៈពេលតែ ៧ ម៉ោងប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋបានប្រទះឃើញ បុរសម្នាក់បានដេកស្លាប់ នៅចំណុចមុខផ្សារដើមថ្កូវ ផ្លូវ៣៣បេតេ ភូមិសន្សុំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបុរសដែលដេកស្លាប់ខាងលើនេះ មានឈ្មោះ ម៉ុក គង្គា រស្មី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយបុរសដែលស្លាប់នោះ មានស្នាមរបួសបែកក្បាលពីខាងក្រោយ ឈាមស្រោចជោកជាំពេញខ្លួន និងបាក់ជើងខាងឆ្វេង ហើយនៅក្បែរកន្លែងកើតហេតុ មានបន្សល់ទុកដែកទីប ដងឆ័ត្រមួយផងដែរ។
យោងតាមសម្ដីសាក្សីនិងកាម៉េរ៉ាសុវត្ថិភាព ដែលបំពាក់នៅជុំវិញក្បែរកន្លែងកើតហេតុ បានសន្និដ្ឋានជា ករណីឃាតកម្ម ដោយពលរដ្ឋដែលរស់នៅទីនោះ បានបញ្ជាក់ឲ្យដឹងទៀតថា នៅវេលាម៉ោងប្រហែលជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះពួកគាត់បានឮសំឡេងបុរសម្នាក់ ស្រែកឲ្យជួយ ហើយពួកគាត់ បានលួចមើលតាមចន្លោះទ្វារផ្ទះ របស់គាត់ក៏ឃើញជនរងគ្រោះ និងបុរស២នាក់ផ្សេងទៀត បានជិះម៉ូតូកង់៣ ដេញជនរងគ្រោះ ហើយក៏បានប្រតាយប្រតប់គ្នា ខណៈនោះជនសង្ស័យទាំង ២នាក់ ក៏បានយកដុំថ្មវាយសំពងមកលើជនរងគ្រោះ បណ្ដាលឲ្យបែកក្បាល រួចក៏យកដែកវាយបំបាក់ជើងបន្ថែមទៀត និងបានជិះម៉ូតូកង់៣ កិនពីលើរួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែម្តង។
បន្ទាប់ពីទទួលបានថា មានករណីឃាតកម្មសម្លាប់មនុស្សរួចមក កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី១ បើកការស្រាវជ្រាវ តាមកាម៉េរ៉ាសុវត្ថិភាព និងផ្លាកលេខម៉ូតូរបស់ជនសង្ស័យ ទើបឃាត់ខ្លួនឈ្មោះកែវ យិនភី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់៣ជាឃាតករស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៤៥បេតេ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងម្នាក់ទៀតមានឈ្មោះ រ៉េត បញ្ញា ហៅអាម៉ក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករមើលម៉ូតូស្នាក់នៅខណ្ឌទួលគោក។
ជនសង្ស័យត្រូវបានបញ្ជូនទៅធ្វើការសាកសួបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ តាមចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលពួកគេវាយសម្លាប់ ជនរងគ្រោះរូបនេះព្រោះតែពួកគេខឹងជនរងគ្រោះ វាយកញ្ចក់ម៉ូតូកង់៣របស់ខ្លួនបែក ទើបពួកគេខឹងក៏ជិះម៉ូតូកង់៣ ដេញវាយសម្លាប់ជនរងគ្រោះតែម្តងទៅ។
បច្ចប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។ចំណែកជនរងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារ ដើម្បីប្រគល់ជូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕