ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជាមុខសញ្ញាចាស់ដើរគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិមានតម្លៃ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបនិងចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈពួកគេកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះមួយកន្លែង ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនសង្ស័យទាំង៦នាក់ដែលបានចាប់ខ្លួនមានឈ្មោះ សិន ណេង ភេទប្រុស អាយុ ២៦ឆ្នាំ ជាកម្មករសំណង់,ឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ ជាកម្មករសំណង់, ឈ្មោះ វ៉ាន់ រ៉ាវី ភេទប្រុស អាយុ ២៧ឆ្នាំ ជាកម្មករសំណង់, ឈ្មោះ ប៉ុន ថេត ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករសំណង់, ឈ្មោះ ទូច វ៉ានី ភេទប្រុស អាយុ ២៩ឆ្នាំ, និងឈ្មោះ អាកៃ អាយុ ៣០ឆ្នាំ គឺជាបងធំនៅក្នុងក្រុមនេះ។ ជនសង្ស័យទាំងអស់គ្នាស្នាក់នៅកន្លែងឃាត់ចាប់ខ្លួន។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ដែលកម្លាំងតាមដាន និងស្រាវជ្រាវអស់រយៈពេលជាយូរមកហើយ។ នៅយប់ឈានចូលថ្ងៃទី២៣ ខែឧសភា ឈ្មោះកៃ និងឈ្មោះ សុខ រដ្ឋា ធ្លាប់គាស់ផ្ទះប្រជាពលរដ្ឋនៅផ្សារជម្ពូវ័ន និងលួចសម្ភារគិតជាទឹកប្រាក់ជាង ៣០០០ដុល្លារ ហើយបានគេចខ្លួនបាត់អស់។ បន្ទាប់មកទើបជនរងគ្រោះធ្វើការពិនិត្យតាមកាមេរ៉ាសុវត្តិភាព ឃើញភិនភាគជនសង្ស័យច្បាស់ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលចោមចៅទី១ ដោយសារប៉ុស្តិ៍ចោមចៅទី៣ជាប់ធ្វើចត្តាឡីស័ក។
សមត្ថកិច្ចបានបញ្ជាក់ថាមុនដល់ការចាប់ខ្លួនពួកគេនោះសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋ ស្រាវជ្រាវរហូតដល់ផ្ទះដែលជនសង្ស័យកំពុងរសនៅ មានមនុស្សប្រុសចេញចូលខុសពីធម្មតាសង្ស័យប្រើប្រាស់ថ្នាំញៀនទើបបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែងឃើញជនសង្ស័យកំពុងប្រើប្រាស់ថ្នាំញៀន ទើបធ្វើការចាប់ខ្លួនយកទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់កំពុងឃុំខ្លួន រង់ចាំអនុវត្តតាមនីតិវិធីច្បាប់៕