អ៊ីតាលី៖ រថយន្តខ្សែកាបមួយគ្រឿងបានធ្លាក់មកលើដីនៅលើភ្នំមួយកន្លែងនៅភាគខាងជើងប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យបានបណ្តាលឲ្យមនុស្សចំនួន ១៤នាក់ក្នុងនោះមានកូនក្មេងយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងកូនក្មេងម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ ។
បើតាមមន្ត្រីមូលដ្ឋាក្នុងតំបន់ខាងលើនេះបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលរថយន្តខ្សែកាបនេះកំពុងដឹកក្រុមទេសចរឡើងលើភ្នំមួយកន្លែងក្នុងតំបន់ ផាយដឺម៉ុន (Piedmont) ហើយក៏បានធ្លាក់ចុះមកក្រោមពីកម្ពស់ប្រហែល ២០ម៉ែត្រ និងបានរមៀលជាច្រើនជុំនៅលើជម្រាលភ្នំមុនពេលវាបោកខ្ទប់នឹងដើមឈើ ។ ភាគច្រើននៃជនរងគ្រោះបានស្លាប់នៅកន្លែងកើតហេតុ ដោយចំនួនអ្នកស្លាប់បានកើនឡើងនៅពេលក្រុមជួយសង្គ្រោះបានទៅដល់ទីតាំងនោះ និងរុករកជនរងគ្រោះនៅក្នុងរថយន្តខ្សែកាបដែលបាក់បែកនោះ ។
ប្រភពពីក្រុមមន្រ្តីខាងលើដដែលនេះបានបញ្ជាក់ថា ជនរងគ្រោះមួយចំនួនត្រូវបានប្រទះឃើញជាប់នៅខាងក្នុងរថយន្ត ហើយជនរងគ្រោះខ្លះទៀតបានខ្ទាតចូលទៅក្នុងព្រៃ ។ ក្រុមជួយសង្គ្រោះមានការលំបាកជាខ្លាំងក្នុងការចូលទៅដល់កន្លែងកើតហេតុដោយសារតំបន់នោះជាជម្រាលភ្នំ ។ រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងបានក្រឡាប់ពេលព្យាយាមចូលទៅទីតាំងនោះ ប៉ុន្តែមិនមានអ្នកណាម្នាក់រងរបួសឡើយ ។
បើទោះបីយ៉ាងណាក្តីមូលហេតុនៃឧប្បត្តិហេតុនេះនៅតែមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែសេចក្ដីរាយការណ៍ក្នុងមូលដ្ឋានបានឲ្យដឹងថា រថយន្តខ្សែកាបនេះប្រហែលជាបានខូចនៅតាមផ្លូវក្នុងចម្ងាយប្រហែល ៣០០ម៉ែត្រទៀតដល់កំពូលភ្នំ ៕