ពោធិ៍សាត់ ៖ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងមន្រ្តីមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានប្រកាសសម្ពោធដាក់ឲ្យដំណើរការជាស្ថាពរអគារទីទទួលសុវត្ថិភាពចំនួន២នៅខេត្តពោធិ៍សាត់ សម្រាប់ឱ្យប្រជាពលរដ្ឋស្នាក់អាស្រ័យ នៅពេលជួបគ្រោះទឹកជំនន់ ។
ក្នុងឱកាសនោះលោកអភិបាលខេត្តបានថ្លែងថា ប្រជាពលរដ្ឋនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបាកាន និងស្រុកកណ្ដើង តែងរងគ្រោះទឹកជំនន់ ហើយជួបការលំបាកខ្លាំង ខ្វះទីទួលសុវត្ថិភាពនៅពេលមានការជម្លៀសចេញពីភូមិឋានពេលទឹកជំនន់ម្ដងៗ។ លោកបានបញ្ជាក់បន្ថែមថា អគារទួលសុវត្ថិភាពទាំងពីរនេះ ត្រូវបានចំណាយថវិកាសាងសង់ដែលជាគាំទ្រដោយរដ្ឋាភិបាលជប៉ុនប្រមាណ ៤៤ម៉ឺនដុល្លារអាមេរិក ហើយអគារទីទួលសុវត្ថិភាពនេះ មួយទីតាំងស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកានដែលមានទំហំអគារ ៨៦៤ម៉ែត្រការ៉េ សង់លើដីសាធារណៈរបស់រដ្ឋ។
លោកអភិបាលខេត្តបានបន្តថា មួយទីតាំងទៀត ស្ថិតនៅក្រោយវត្តក្តីឧត្តម ភូមិក្តីល្អិត ឃុំស្រែស្តុក ស្រុកកណ្ដើង ដែលមាន ទំហំអគារ ១៦៨៥.០៦ម៉ែត្រការ៉េ សង់លើដីជាការបរិច្ចាគរបស់ព្រះចៅអធិការវត្តក្តីឧត្តម។ អគារទួលសុវត្ថិភាពនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ ហើយបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅខែមេសា ឆ្នាំ២០២១ថ្មីៗនេះ ក្រោមការតាមដានត្រួតពិនិត្យផ្ទាល់ពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរខេត្ត ស្រុក ឃុំ និងអង្គការស្បៀងអាហារពិភពលោកជាដើម។ ដោយសារការខ្វះហេដ្ឋារចនាសម្ព័ន្ធទីទួលសុវត្ថិភាពនេះ បានបង្កការលំបាកជាខ្លាំងសម្រាប់ការស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋទាំងការបន្ទោរបង់ និងការប្រើប្រាស់ទឹកស្អាតជាដើម។ អគារទីទួលសុវត្ថិភាពនេះ បានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ដែលជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់ពេលក្នុងកំលុងពេលជម្លៀសពីលំនៅឋានរបស់ពួកគាត់។
បើតាមលោកអភិបាលខេត្តបានជម្រាបបន្ថែមថា អគារទីទួលសុវត្ថិភាពនេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើស្ដង់ដារអន្តរជាតិ និងបំពាក់ទៅដោយសម្ភារៈ កន្លែងសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងបោកគក់ បន្ទប់ស្តុកអីវ៉ាន់ បន្ទប់ទឹក កន្លែងលាងដៃ កន្លែងសត្វ ប្រព័ន្ធទឹក អគ្គិសនី និង ប្រព័ន្ធការពារន្ទះជាដើម ។
ចំណែកលោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាស ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ លោក ស្រីបន្តថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងពង្រឹងការត្រៀមបង្ការ និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។
លោកស្រីបន្តថា« អគារទួលសុវត្ថិភាពនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដែលប្រឈមគ្រោះទឹកជំនន់ ដែលអាចធ្វើការជម្លៀសពីលំនៅឋានរងគ្រោះដោយទឹក ជំនន់ មកស្នាក់នៅបណ្តោះអាសន្នបានរហូតដល់ទឹកជំនន់ស្រកទៅវិញ»។
ក្នុងឱកាសនោះដែរ លោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានថ្លែងកោតសរសើរ ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត លើការឆ្លើយតបគ្រោះមហន្តរាយកន្លងមក ហើយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ គឺផែនការត្រៀមបង្ការកម្រិតសហគមន៍មូលដ្ឋាន និងក្រុមគ្រួសារ។ លោកបានបន្តណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់ ឱ្យគ្រួសារនីមួយៗ ដែលប្រឈមនឹងហានិភ័យគ្រោះមហន្តរាយរៀបចំផ្ទះសំបែង ឱ្យបានរឹងមាំធន់នឹងទឹកជំនន់ ខ្យល់កន្ត្រាក់។ល។ គ្រួសារនីមួយៗត្រូវដឹងពីទីទួលសុវត្ថិភាពនៅជិតបំផុត ផ្លូវដែលត្រូវទៅកាន់ទីនោះ និងទីតាំងមណ្ឌលសុខភាព។ រៀបចំមធ្យោបាយដឹកជញ្ជូន និងប្រកាសឱ្យប្រជាជនដឹងលេខទូរស័ព្ទរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់របស់ខ្លួន និងជំរុញឱ្យតាមគ្រួសារចុះឈ្មោះក្នុងប្រព័ន្ធប្រកាសប្រាប់ឱ្យដឹងជាមុន ១២៩៤ ងាយស្រួល ក្នុងការទទួលដំណឹងពីមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយផងដែរ៕