ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានដែលស្ថិតក្នុងតំបន់លឿងនៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
សេចក្តីសម្រេចនេះបានបិទបញ្ចប់បម្រាមគោចរនៅក្នុង តំបន់លឿង ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី) ។ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។ សម្រេចបិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
ទន្ទឹមនឹងនេះរដ្ឋបាលរជធានីភ្នំពេញបានបញ្ជាក់ថា សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការដូចក្នុងប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕