ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំស្វាយស្រស់របស់កម្ពុជា ចេញទៅកាន់ចិន ត្រូវបានស្វាគមន៍ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើនននៅខេត្តហ្គ័ងស៊ី នៅកំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ជាមួយដំណឹងស្វាយស្រស់របស់កម្ពុជាបានទៅដល់គោលដៅហើយនោះ ភាគីចិន នឹងរៀបចំការសម្ពោធជាផ្លូវការ ការទទួលផ្លែស្វាយស្រស់របស់កម្ពុជា នៅទីក្រុងប៉េកាំង នៅថ្ងៃទី២៥ ខែឧសភាខាងមុន ក្រោមអធិបតីភាពពីមន្រ្តីតំណាងក្រសួង កសិកម្ម និងកិច្ចការជនបទ និងក្រសួងពាណិជ្ជកម្មចិន រួមនឹងអគ្គរដ្ឋបាលគយចិន ជាមួយនិងតំណាងស្ថានអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉េកាំងផងដែរ។ ក្នុងនោះមានផ្លែស្វាយស្រស់ចំនួន ២ទូរកុងធែន័រ ដែលជារបស់ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក និងក្រុមហ៊ុន ឡុងវ៉ូ អាហ្រ្គីខាធើរ ខេមបូឌា(Long Wo Agricalture (Cambodia) Co.,Ltd) ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយស្ថានអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន ១៣ថ្ងៃ ទើបទៅដល់គោលដៅ៕