ហ្គាហ្សា៖ បន្ទាប់ពីអន្តរជាតិដាក់សម្ពាធយ៉ាងខ្លាំងឱ្យភាគី ពាក់ព័ន្ធទាំងអស់បញ្ចប់ជម្លោះជាបន្ទាន់ ពេលនេះ អ៊ីស្រាអែល និងក្រុមហាម៉ាស់បានយល់ព្រមទទួលយកបទឈប់បាញ់ហើយក្រោយពីការបង្ហូឈាមជាមួយគ្នា ដោយខាងជនជាតិប៉ាឡេស្ទីនស្លាប់ជាង២រយនាក់ក្នុងតំបន់ហ្គាហ្សា និងខាងអ៊ីស្រាអ៊ែលស្លាប់ជាង១០នាក់ ។ នេះបើតាមសារព័ត៌មានReuters ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ។
ការិយាល័យលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថា គណៈរដ្ឋមន្ត្រីសន្តិសុខបានអនុម័តជាឯកច្ឆន្ទលើអនុសាសន៍ពីក្រុមមន្ត្រីសន្តិសុខដោយទទួលយកគំនិតផ្ដួចផ្ដើមរបស់អេហ្ស៊ីបសម្រាប់បទឈប់បាញ់ គ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ ។ ចំណែកក្រុមហាម៉ាស់ និងក្រុម Islamic Jihad ក៏បានទទួលយកបទឈប់បាញ់ខាងលើផងដែរជាមួយការបញ្ជាក់ថាវានឹងចូលជាធរមាននៅម៉ោង ២ទៀបភ្លឺឈានចូល ថ្ងៃសុក្រនេះ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានស្វាគមន៍ចំពោះបទឈប់បាញ់នេះ ។
សូមជម្រាបថា រយៈពេល១១ថ្ងៃនៃជម្លោះបង្ហូឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានបណ្ដាលជនជាតិប៉ាឡេស្ទីន ២៣២បានស្លាប់ ក្នុងនោះមានកុមារ៦៥នាក់ និង ១,៩០០នាក់រងរបួស និង១២ម៉ឺននាក់ត្រូវភៀសខ្លួនពីផ្ទះរបស់ពួកគេ ។នៅខាងអ៊ីស្រាអ៊ែលមានមានមនុស្ស១២នាក់បានស្លាប់ដោយសារគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ដែលបានបាញ់គ្រប់រ៉ុក្កែតច្រើនជា ៤,៣០០ដើម ចូលក្នុងទឹកដីអ៉ីស្រាអែល តែក្នុងនោះ៩០ភាគរយត្រូវបានបំផ្លាញដោយ ប្រព័ន្ធមីស៊ីល Iron Dome ៕