ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា បានចេញសេចក្ដីសម្រេចស្ដីពីការបើកដំណើរការឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដោយក្នុងនោះតម្រូវឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ១.៥ម៉ែត្រ ជាចាំបាច់ក្នុងបរិវេណផ្សារនីមួយៗ ។
ក្នុងសេខក្តីសម្រេចនេះបានឲ្យដឹងថា អាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស់ ឬពាក់ម៉ាស់មិនបានត្រឹមត្រូវ ឬមិនរក្សាគម្លាតសុវត្ថិភាពទេនោះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ត្រូវសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្ដរការណ៍ចន្លោះពី ២០ម៉ឺនរៀល ដល់១លានរៀល ។
លោកអភិបាលបានបញ្ជាក់ថា ហាមឃាត់ដាច់ខាតការជួបជុំប្រមូលផ្ដុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណីមានការជួបជុំប្រមូលផ្ដុំមនុស្សខុសពីការណែនាំនេះនឹងត្រូវអនុវត្តការផាកពិន័យជាបន្ទាន់ ក្នុងកម្រិតទឹកប្រាក់ពិន័យអន្ដរការណ៍ ២០ម៉ឺនរៀល តាមច្បាប់កំណត់ជាធរមាន ៕