ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញសាកសពបុរសម្នាក់អាយុ ប្រហែលជា៣០ទៅ៤០ឆ្នាំ ស្លៀកខោជើងវែងមានសភាពហើមស្អុយបានរសាត់អណ្ដែត មកទើរនឹងបង្គោលដាក់ ម៉ងមកត្រង់ចំណុចច្រាំងទន្លេស្ថិតក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ។ រហូតដល់ថ្ងៃទី១៧ឧសភានេះ មិនទាន់មានសាច់ញាតិណាម្នាក់មកសួររកនៅឡើយទេ ។
បើតាមការបំភ្លឺពីឈ្មោះសៅ សាន ភេទប្រុសអាយុ ៤៣ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិ ជី រោទិ៍ កណ្តាល ឃុំជី រោទិ៍ទី១ ស្រុកត្បូងឃ្មុំ ដែលជាសាក្សីឃើញផ្ទាល់ដំបូងបានលើក ឡើងថា រូបគាត់ជាមួយនឹងអ្នកភូមិ២នាក់ ទៀតដោយម្នាក់ឈ្មោះ សន សំអូន ភេទ ប្រុសអាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះ កេត ថុន ភេទប្រុសអាយុ៤៧ឆ្នាំ ។ ហើយនៅ វេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី១៦ ឧសភាពួកគាត់ទាំង៣នាក់បាននាំគ្នាធ្វើដំណើរ ចេញពីផ្ទះទៅមើលមងដែលរាយនៅមាត់ទន្លេចំណុចកើតហេតុក៏ស្រាប់តែឈ្មោះ សន សំអូន បានប្រទះឃើញសពមនុស្សប្រុសម្នាក់អណ្តែតទឹកមកជាប់នឹងបង្គោលមងរបស់ គាត់ ។ ភ្លាមៗនោះស្រាប់តែឆោឡោប្រាប់គ្នា និងបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី១ ឱ្យបានដឹងជាព័ត៌មានតែម្តង ។
លោក ឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរងស្តីទីផែន ការងារនគរបាលព្រហ្មទណ្ឌការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្របាន ដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និង នគរបាលប៉ុស្តិ៍រដ្ឋបាលជីរោទ៍ ទី១ ចុះដល់កន្លែងកើតហេតុវេលាម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី១៦ ឧសភា ដើម្បីនាំគ្នាពិនិត្យកោសល្យវិច័យលើសាកសពជនរងគ្រោះដែលប្រទះឃើញនេះ ។ ក្នុងនោះក៏មានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាព និងអាជ្ញាធរ ភូមិ – ឃុំជីរោទិ៍ទី១ យើងបានបង្កើតគណៈកម្មការពិនិត្យ និងដោយបានការដឹកនាំ សម្របសម្រួលពីលោកហាក់សៀកលីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ ។
បើតាមការពិនិត្យកន្លែងកើតហេតុស្ថិតនៅចំណុចក្បែរមាត់ទន្លេខាងលិចវត្តជីរោទិ៍ ចំងាយ៣.២០០ ម៉ែត្រក្នុងភូមិជី រោទិ៍កណ្តាល ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំនោះ គឺសាកសពជាមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណមានអាយុចន្លោះពី៣០ទៅ៤០ ឆ្នាំសម្បុរខ្មៅស្រអែមកំពស់១,៦៧ ម៉ែត្រស្លៀកខោខ្លីជើងស្ទើរពណ៌ខៀវក្រម៉ៅអត់មានពាក់អាវអណ្តែតទឹកចំងាយ៧ម៉ែត្រពី មាត់ច្រាំងមកជាប់ទាក់ជាមួយបង្គោលឬស្សី ( បង្គោលដាក់មង ) កំពស់ទឹក០.៧០ ម៉ែត្រ ។
សពជនរងគ្រោះគឺមានស្លាកស្នាមផ្នែកក្បាលហើយហើម ស្អុយរលួយមើលមុខមិនស្គាល់នោះទេផ្នែកកមានសភាពទន់( បាក់ឆ្អឹងក ) ផ្នែកដងខ្លួន មានសភាពហើមស្បែករីកតឹងរីឯដៃទាំង២ និងជើងទាំង២មិនមានបាក់ឆ្អឹងនោះទេរីឯ ស្បែកវិញមានសភាពរបើកដោយកន្លែង ។ ដូច្នេះយោងតាមការពិនិត្យសាកសព បុរស រងគ្រោះមិនស្គាល់អត្តសញ្ញាណរូបនេះគឺស្លាប់ដោយសារអំពើឃាតកម្ម ។ បន្ទាប់ពីពិនិត្យ ចប់រួចរាល់នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃខែឆ្នាំដដែលដោយមានការឯកភាពពី លោកស្នងការនគរបាលខេត្ត និងបានការឯកភាពពីលោកហាក់សៀក លីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំក៏បានបង្កើតគណៈកម្មការបញ្ចុះសព ជនរងគ្រោះ នៅឯមាត់ច្រាំងទន្លេនោះតែម្តងដោយសារមិនសាច់ញាតិណាម្នាក់មកសួររកយកទៅធ្វើបុណ្យ ៕